សមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ផ្ទះ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម ចំនួន៣៤ខ្នងផ្ទះ ដែលស្មគ្រ័ចិត្តមករស់លេីដីសម្បទានសង្គមកិច្ច

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
សមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ បានប្រគល់ផ្ទះ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម ចំនួន៣៤ខ្នងផ្ទះ ស្មេីនឹង៣៤គ្រួសារ ដែលស្មគ្រ័ចិត្តមករស់លេីដីសម្បទានសង្គមកិច្ច នៅក្នុងឃុំស្វាយ ជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានកត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជេីញ អមដំណើរ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ឯក ក្រិត រដ្ឋលេខាធិការ ក្រសួង សង្គម កិច្ច អតីតយុវជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ រង សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញ ចូលរួមពិធីប្រគល់ផ្ទះ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម ចំនួន៣៤ខ្នងផ្ទះនេះ។
ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានលេីកឡេីងថា ផ្ទះចំនួន៣៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន ដែលធ្លាប់តស៊ូបំរេីជាតិ មាតុភូមិ ពោលធ្វេីយ៉ាងណារួមគ្នាថែរក្សាអ្វីដែលមាន និងនាំគ្នាបន្តចូលរួមបង្កេីន ការថែរក្សាសុខសន្តិភាព ការរីកចម្រើននិងការអភិវឌ្ឍន៍ នាពេលបច្ចប្បន្នបន្ថែមទៀត។ ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនទុកឲ្យនរណាម្នាក់ នៅកំព្រាឯការឡេីយ ។
ក្នុងឱកាសនេះដែរ តាមរយៈ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ របស់ សម្ដេចតេជោ ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៣៤គ្រួសារដោយ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ស្ក ប៊ី ចេង អំបិល មួយមុខ១គីឡូ និងថវិកាចំនួន២០ម៉ឺនរៀល ហេីយ ក្នុង០១គ្រួសារទទួលបានផ្ទះ១ខ្នង ទំហំ ៤ម៉ែត្រ× ៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី លើដីលំនៅដ្ឋានទំហំ ៣០ម៉ែត្រ×៤០ម៉ែត្រ ព្រមទាំងបានខួងអណ្ដូងស្នប់ចំនួន០៤ អណ្តូង និងឈូសឆាយ ព្យួរដីសម្រាប់ ដាំដំណាំផ្សេងៗ សម្រាប់សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕