កម្ពុជា-ថៃ នឹងបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនគរបាលនៃប្រទេសទាំងពីរ

វិទ្យុជាតិ៖ លោកជួន បូណា ៖

កម្ពុជា-ថៃ នឹងបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនគរបាលនៃប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចគាំពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវស្ថិភាពសង្គមឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអៈអាងថា ភាគីកម្ពុជា-ថៃបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ ដើម្បីឲ្យនគរបាលកាន់តែក្លាយជា ធនធានសំខាន់សម្រាប់កិច្ចការពារជាតិនិងសុវត្ថិភាពសង្គម។
ការឯកភាពគ្នារវាងកម្ពុជា និងថ្លៃការផ្លាស់ប្តូរបទពិសោធនៃការបណ្តុះបណ្តាលនគរបាលនេះ បានធ្វើឡើងក្នុងជំនួបពិភ្សាការងារវាងឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លីនិង គណៈប្រតិភូរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃចំនួន ០៧រូប ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោអាភិឆៃ ស្រ៊ីសុភីត អនុប្រធានរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្តីការបណ្ឌិត្យសភានគរបាលកម្ពុជា។
នៅក្នុងជំនួបនោះឯកឧត្តមនាយឧត្តមសេនីយ៍បានលើកឡើងថា ការបង្កើនការបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីអោយកម្លំាងនគរបាលកាន់តែ មានសមត្ថភាពគ្រប់គ្រាន់អាចឆ្លើយតបបានយ៉ាងសកម្មក្នុងកិច្ចការពារសង្គម។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អាភិឆៃ ស្រ៊ីសុភីត អនុប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃបានសម្តែងការរីករាយ និងស្វាគមន៍ក្នុងការជួយបណ្ដុះបណ្ដាលនគរបាលកម្ពុជា ដោយភាគីថៃជំរុញឲ្យបណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើលិខិតទៅអគ្គស្នងនគរបាលភូមិន្ទថៃ ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅសាលារាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ។
ឯកឧត្តមឧត្តមសេនីយ៍ទោ បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូរ នៃស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាម រយៈការបញ្ជូននិស្សិតនគរបាលកម្ពុជាចំនួន២រូបសម្រាប់ថ្នាក់បរិញ្ញាបត្រ និងចំនួន១រូបសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តាមរយៈ ការចុះហត្ថលេខាប្តូរវេនប្រចាំឆ្នាំលើផែនការសកម្មភាព ការបញ្ជូនគ្រូបង្គោលនៃមុខវិជ្ជាសំខាន់ៗមួយ ចំនួន ទៅសិក្សានិងបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ព្រមទាំងការផ្លាស់ប្ដូរគណៈប្រតិភូ និងនិស្សិតសម្រាប់កម្មវិធីទស្សនកិច្ចសិក្សាប្រចាំឆ្នាំ៕