ក្រសួងសាធារណការ ថា ប្រជាពលរដ្ឋអាចរក្សាលេខសម្គាល់រថយន្តរបស់ខ្លួន ក្រោយអនុក្រឹត្យថ្មីចាប់អនុវត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ប្រជាពលរដ្ឋអាចរក្សាលេខសម្គាល់រថយន្តរបស់ខ្លួនបាន ក្រោយអនុក្រឹត្យថ្មីចាប់អនុវត្តជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាកស្លាកលេខសម្គាល់យានជំនិះ ដោយអនុញ្ញាតឲ្យម្ចាស់កម្មសិទ្ធិយានជំនិះអាចរក្សា ឬតម្កល់ទុកលេខសម្គាល់យានយន្តដែលចុះបញ្ជីត្រឹមត្រូវនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ដោយមិនបាច់ប្រគល់ទៅឲ្យម្ចាស់ទី២នៅពេលមាន ការព្រមព្រៀងទិញលក់។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្តមបានពន្យល់ថា នៅពេលមានការទិញលក់យានយន្ត ហើយម្ចាស់ដើមចង់ទុកលេខដែលបានចុះបញ្ជី គឺត្រូវទៅកាន់អង្គ ភាពជំនាញដើម្បីដាក់ពាក្យស្នើសុំ ហើយត្រូវប្រគល់ស្លាកលេខនោះឲ្យអង្គភាពជំនាញរក្សាទុកសម្រាប់ម្ចាស់កម្មសិទ្ធិយានជំនិះស្នើសុំឡើងវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាដាក់ឲ្យអនុវត្តនូវអនុក្រឹត្យថ្មីស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាកស្លាកលេខសម្គាល់យានជំនិះ ដើម្បីធានាធ្វើឲ្យការផ្តល់សេវាកម្មចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធភាព និងធ្វើឲ្យមានភាពងាយស្រលជូនប្រជាពលរដ្ឋ។
អនុក្រឹត្យថ្មីនេះ ក៏ធានាឲ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ព្រមទាំងរួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗតាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗឲ្យមានប្រសិទ្ធភាព និងបែងចែកច្បាស់លាស់នូវប្រភេទស្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ។
អនុក្រឹត្យថ្មីនេះ ក៏បានបង្ហាញពីគំរូស្លាកលេខពិសេសរបស់រថយន្តដូចជា ស្លាកលេខពិសេសសម្រាប់កម្មសិទ្ធិជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ ស្លាកលេខសម្គាល់ ក្រុមព្រះបរមរាជវាំង ស្ថាប័នកំពូល ស្ថាប័នរដ្ឋ កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថានទូត អង្គការ ជាដើម៕