ពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

“ការបំពុលខ្យល់” គឺជាប្រធានបទនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភព លោក ៥ មិថុនា ២០១៩ ដែលឆ្នាំនេះ បានរៀបចំឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ក្រុងប៉ោយប៉ែត មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ អង្គការដៃគូ ក្រុមហ៊ុនឯកជន សសយក សិស្សានុសិស្ស និងមហាជនប្រមាណជាង១ពាន់នាក់។


ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនារៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន អំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្ម ផ្សព្វផ្សាយនិងចូលរួមផ្លាស់ប្តូរជាអវិជ្ជមានចំពោះបញ្ហាបរិស្ថាន។ ព្រឹត្តិការណ៍នេះលើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាននិងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋាន ដើម្បីភូមិឋាន ក៏ដូចជាឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត ។

នាឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងសួងបរិស្ថានបានលើកឡើងថា ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវ ឱ្យគ្រប់អ្នកពាក់ព័ន្ធទំាងអស់ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្ត ចូលរួម ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និង ដំណោះស្រាយ ឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅ ដោយចីរភាព។

ជាមួយគ្នានេះ ក៏ជាសក្ខីកម្ម ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាល ដែលបានអនុម័តផែនការ យុទ្ធសាស្រ្តរបស់ជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ ២០១៤ -២០២៣ ដោយមាន ចក្ខុវិស័យគាំទ្រកម្ពុជាអភិវឌ្ឍឆ្ពោះទៅសង្គមមួយបៃតង ដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួល អាកាសធាតុ និងពឹងផ្អែកលើ ចំណេះដឹងជាគោល ដើម្បីជាត្រីវិស័យ តម្រង់ទិស សកម្មភាព ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ នៅកម្ពុជា។

គួរបញ្ជាក់ថា រដ្ឋាភិបាល និងបណ្តាប្រជាជាតិ លើ សកលលោក បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងអំពីភាពចាំបាច់ និងសារ ប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធាន ធម្មជាតិឱ្យបានសមស្រប សំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជន គ្រប់មជ្ឈដ្ឋាន ឱ្យទៅជា កម្លាំងចលករ ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ ប្រសិទ្ធិភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និង បរិស្ថាន នៅលើភពផែនដីស្រប ទៅ តាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។ ដោយឡែកក្នុង ក្របខ័ណ្ឌជាតិ រាជរដ្ឋាភិបាលបានកំណត់ យកថ្ងៃ «៥ មិថុនា» ជាទិវាបរិស្ថានជាតិ ហើយ សម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំគម្រប់ខួបលើកទី២៦ នៃការប្រារព្ធ «ទិវាបរិស្ថានជាតិ» នៅកម្ពុជាផងដែរ។

ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភព លោក ៥ មិថុនា ២០១៩ បានប្រព្រឹត្តទៅ ដោយមានកម្មវិធីផ្សព្វផ្សាយ និងផ្តល់ព័តមាន ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន រួមមានកម្មវិធីសំនួរចំលើយដល់សិស្សានុសិស្ស ការដាំដើមឈើអនុស្សាវរីយ៍ និងការជិះកង់ពីក្រុងសិរីសោភ័ណ្ឌ មកទីក្រុងប៉ោយប៉ែត និងជុំវិញទីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីគណៈធិបតី យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនជាច្រើននាក់៕