រដ្ឋាភិបាលស្វីស បង្ហាញជំហរបន្ដផ្តល់ជំនួយដល់វិស័យដោះមីន និងសុខាភិបាលដល់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត ចន្ធូ ៖

រដ្ឋាភិបាលស្វីស បានបញ្ជាក់ពីជំហររបស់ខ្លួន ដោយនៅតែបន្ដផ្តល់ជំនួយដល់វិស័យដោះមីន និងសុខាភិបាលដល់កម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយ ឯកឧត្តម Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសដែលនឹងចប់អាណត្តិការទូតនៅកម្ពុជានាពេលខាងមុខ នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម ឯកអគ្គរដ្ឋទូតស្វីស បានលើកឡើងថា រដ្ឋាភិបាលស្វីសបានបញ្ជាក់ដោយនៅតែបន្ដផ្តល់ជំនួយដល់វិស័យដោះមីន និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៤ឆ្នាំទៅមុខទៀត ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ឯកឧត្តម កេត សោផាន់ បន្តថា ការបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលប្រទេសស្វីសនេះ គឺដើម្បីជួយដល់ប្រជាជនកម្ពុជារស់នៅប្រកបទៅដោយសុខសុវត្ថិភាព ជាពិសេស ចូលរួមកាន់បន្ថយនៅភាពក្រីក្រ និងលើកស្ទួយនៅកម្រិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរឡើង។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលកន្លងមកតែងតែជួយដល់កម្ពុជា ទាំងវិស័យសុខាភិបាល ក៏ដូចជាវិស័យដោះមីន។ នេះបើតាមការឲ្យដឹងពីឯកឧត្តម កេត សោផាន់។
សំឡេង៖ «ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានមានវិធានការមួយចំនួន ដើម្បីជួយឲ្យដំណើរការមន្ទីរពេទ្យនេះ ដូចជាការផ្តល់វិភាគទាន១០លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ដំណើរការ និងការផ្តល់ថវិកា៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យ។ ជាមួយគ្នានេះ កម្ពុជាក៏មានផែនការ ដកយក២ដុល្លារក្នុងការលក់សំបុត្រ១សន្លឹក ពីថ្លៃភ្ញៀវបរទេសចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់ជួយដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ចំពោះវិស័យដោះមីន ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណស្វីស និងបានបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏ល្អប្រសើរបំផុត ដល់ប្រជាជនកម្ពុជា ដែលចង់មានសុវត្ថិភាពជុំវិញផ្ទះរបស់ខ្លួន»។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ ចំនួនជនរងគ្រោះដោយសារមីនមានរហូតដល់មានប្រមាណជាង ៤០០០នាក់ ក្នុងមួយឆ្នាំ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន មានប្រហែលជាក្រោម១០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕