គណៈកម្មាធិការអចិន្រ្តៃយ៍បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗឲ្យទៅគណៈកម្មការជំនាញសិក្សាបន្ថែម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា ដឹកនាំរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ បានប្រជុំសម្រេចបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាបន្ថែម បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ជូនសុំការអនុម័ត។


សេចក្តីព្រាងច្បាប់ទាំង៣នោះ ទី១ គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអេសភីអេចភី(ខេមបូឌា) ឯ.ក។ ទី២ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។ និងទី៣ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ទន្ទឹមការប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ទាំង៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា ក៏បានឯកដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នាពេលខាងមុខ ដែលមានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះ រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការ ការពារទៅវិញទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណា ចក្រ កម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងរវាងព្រះរាជាណា ចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមក នៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើត អង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។