ក្រសួងការបរទេសចិនចេញការព្រមានឱ្យប្រុងប្រយ័ត្នសម្រាប់សុវត្ថិភាពនៅក្នុង ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងកិច្ចការបរទេសចិនកាលពីថ្ងៃអង្គារ បានចេញការព្រមានឱ្យប្រុងប្រយ័ត្នមួយសម្រាប់ពួកទេសចរនិងស្ថាប័ននានារបស់ចិន ដើម្បីបង្កើនការយល់ដឹងខាងសន្តិសុខនៅក្នុង ស.រ.អា ។

លោក Chen Xiongdeng  អគ្គនាយករងផ្នែកកិច្ចការកុងស៊ុលរបស់ក្រសួងកិច្ចការបរទេសបានប្រាប់ សន្និសីទសារព័ត៌មានមួយថា ទីភ្នាក់ងារពង្រឹងច្បាប់ ស.រ.អា កាលពីពេលថ្មីៗនេះបានប្រើប្រាស់វិធីផ្សេងៗ តួយ៉ាងដូចជាការត្រួតពិនិត្យអន្តោប្រវេសន៍ ព្រមទាំងសម្ភាសន៍ នៅនឹងកន្លែងដើម្បីរំខានដល់ពលរដ្ឋចិន ។

លោក Chen បាននិយាយថា ក្រសួងកិច្ចការបរទេសនិងស្ថានទូត ​ព្រមទាំងកុងស៊ុលចិនក្នុង ស.រ.អា បានរំលឹកដល់ពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ ស.រ.អា ​ព្រមទាំងស្ថាប័នដែលចិនផ្តល់មូលនិធិនៅក្នុង ស.រ.អា ឱ្យបង្កើនការយល់ដឹងខាងសន្តិសុខ , បង្កើនការប្រុងប្រយ័ត្ន ព្រមទាំងចាត់វិធានការដែលសមស្រប និងបង្ការ ។

លោក Chen បាននិយាយបន្ថែមថា ក្នុងករណីជាបន្ទាន់ សូមទាក់ទងទៅស្ថានទូត ឬ ស្ថានកុងស៊ុលចិនក្នុង ស.រ.អា ដើម្បីជួយ  ។

លោក Chen បាននិយាយនៅពេលឆ្លើយតបទៅនឹងសំណួរ មួយអំពីការព្រមានឱ្យប្រុងប្រយ័ត្ននេះថា ថ្មីៗនេះ ពលរដ្ឋចិនមួយចំនួនបានរាយការណ៍ទៅស្ថានទូត ឬ ស្ថានកុងស៊ុលចិនក្នុង ស.រ.អា ថា ពួកគេត្រូវបានសួរចម្លើយនិងត្រួតពិនិត្យមើលដែលគ្មានការធានាអះអាង ដោយទីភ្នាក់ងារ​ពង្រឹងច្បាប់ ស.រ.អា នៅពេលដែលពួកគេចូលទៅក្នុងប្រទេសនេះ ឬស្ថិតនៅក្នុងទឹកដីប្រទេសនេះ ។

លោក Chen បាននិយាយថា ភាគីចិនបានសម្តែងនូវការព្រួយបារម្ភរបស់ខ្លួនម្តង ហើយម្តងទៀតដល់ភាគីអាម៉េរិកដោយនិយាយបន្ថែមថា វាជាសិទ្ធទាំងស្រុងដើម្បីចេញការព្រមានឱ្យមានការប្រុងប្រយ័ត្ននេះ។

លោក Chen បាននិយាយថា ចិនសង្ឃឹមថា ភាគីអាម៉េរិកនឹងប្រកាន់យកវិធានការជាវិជ្ជមានថែមទៀតដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរបុគ្គលិក ព្រមទាំងបង្កើតនូវស្ថានភាពដែលកាន់តែប្រសើរថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យផ្សេងៗ  ។ តាមផ្នែកកិច្ចកុងស៊ុលរបស់ក្រសួងការបរទេសឱ្យដឹងថា ការព្រមានឱ្យប្រុងប្រយ័ត្ននេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )