អាស៊ាន និងជប៉ុនជាដៃគូដ៏ជិតស្និទ្ធ និងសំខាន់សម្រាប់គ្នាទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩​  — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បាននិយាយថា ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយបានក្លាយជាដៃគូដ៏ជិតស្និទ្ធ និងសំខាន់សម្រាប់គ្នាទៅវិញទៅមក។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅសន្និសីទមួយដែលក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអាស៊ាន – ជប៉ុនសម្រាប់វិបុលភាព» នៅទីក្រុងហាណូយ កាលពីថ្ងៃទី ៤ ខែមិថុនា។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃទិវាអាស៊ាន-ជប៉ុន នៅក្នុងប្រទេស    វៀតណាម ដែលជាគំនិតផ្តួចផ្តើមមួយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។

មន្ត្រីរូបនេះបាននិយាយថា វាមិនពិបាកទេក្នុងការមើលឃើញនូវរូបភាពនៃការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអាស៊ាន និងជប៉ុន ក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ។ នៅពេលមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងពិភពលោក និងក្នុងតំបន់ ភាគីទាំងពីរកំពុងសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ទំនាក់ទំនងការចាប់យកឱកាស និងជម្នះបញ្ហាប្រឈមនានាដែលកំពុងកើតមាន។

លោក Dung បានកត់សម្គាល់ថា ក្នុងនាមប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន – ជប៉ុន សម្រាប់ឆ្នាំ ២០១៨-២០២១ វៀតណាមបានធ្វើការរួមចំណែកដល់ការតភ្ជាប់ទំនាក់ទំនងទាំងនេះ ឧទាហរណ៍តាមរយៈសិក្ខាសាលាសម្រាប់អ្នកប្រាជ្ញ អ្នកធ្វើគោលនយោបាយ និងក្រុមហ៊ុនអាជីវកម្មនានា ដើម្បីពិភាក្សាអំពីបញ្ហាដែលអាស៊ាន និងជប៉ុនកំពុងយកចិត្តទុកដាក់ ដូចជាបញ្ហាសន្តិភាព ស្ថិរភាព ការតភ្ជាប់សេដ្ឋកិច្ច និងឌីជីថល ការអភិវឌ្ឍន៍វិបុលភាព ការសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួន ព្រមទាំងចំនួនប្រជាជនដែលមានវ័យចាស់។

អនុរដ្ឋមន្ត្រីរូបនេះបាននិយាយថា ជប៉ុន គឺជាដៃគូយ៉ាងសកម្មរបស់អាស៊ាន ហើយបានចូលរួមក្នុងយន្តការដែលដឹកនាំដោយប្លុកនេះ រួមមានអាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

លោកបាននិយាយបន្ថែមថា ភាគីទាំងពីរបានចែករំលែកនូវទស្សនៈជាច្រើនស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដោយប្រទេសជប៉ុនបានគោរពតួនាទី និងភាពជាអ្នកដឹកនាំកណ្តាលរបស់អាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)