អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង យកអំណោយចែកជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់ និងក្រីក្រ

AKP សៀមរាប ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ខេត្តសៀមរាប បាននាំយកអំណោយទៅចែកជូនដល់គ្រួសាររងគ្រោះដោយសាររន្ទះបាញ់ចំនួន២គ្រួសារ និងគ្រួសារក្រីក្រ ចំនួន៣គ្រួសារដែលកំពុងរស់នៅក្នុងភូមិពាក់ស្ពា នៃឃុំសង្វើយ និងភូមិបាក់អង្រុត នៃឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលការនាំយកអំណោយទៅចែកជូនគ្រួសាររងការលំបាកទាំងនេះ កាលពីថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំដោយលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងជាប្រធាន  គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី។

លោក ពៅ ប៊ុនធឿន មានមតិសំណេះសំណាលជាមួយបងប្អូនជនរងគ្រោះនិងក្រីក្រទាំងនោះ លោក ពៅ ប៊ុនធឿន បានសម្ដែងនូវការសោកស្តាយ ព្រមទាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់  វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោក ពៅ ប៊ុនធឿន បានមានប្រសាសន៍ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា។

លោក អភិបាលស្រុកជីក្រែង ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀង ផ្គររន្ទះកើតឡើង សូមឱ្យបងប្អូនរកទីកន្លែងមានសុវត្ថិភាព ហើយសូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិកដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។ ម៉្យាងទៀតក្នុងពេលរដូវវស្សាចូលមកដល់ សូមបងប្អូនយកចិត្តទុកដាក់បញ្ហាសុខភាពកូនចៅតូចៗរបស់ខ្លួនកុំ ពោលគឺត្រូវស្លៀកសម្លៀកបំពាក់ឱ្យជិតខ្លួនការពារកុំឱ្យមូសខ្លាខាំ ដោយបច្ចុប្បន្ននេះបញ្ហាជំងឺគ្រុនឈាម បាននិងកំពុងយាយីមកលើមនុស្សគ្រប់វ័យ ហើយបើមានកូនចៅមិនស្រួលខ្លួនត្រូវប្រញាប់យកទៅកាន់មណ្ឌលសុខភាពដែលនៅជិតមូលដ្ឋានខ្លួនព្យាបាលឱ្យបានទាន់ពេល។

អំណោយដែលបានចែកជូនដល់គ្រួសារទាំងនោះក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ និង ថវិកា១០ម៉ឺនរៀល ៕

ដោយហង្ស សៀក