ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា និង នវានុវត្តន៍

AKP រតនគិរី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និង ជាអនុប្រធានអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា និង    នវានុវត្តន៍ ដែលបានប្រាព្ធធ្វើឡើងនៅភោជនីដ្ឋានរតនៈលីណា ខេត្តរតនគិរី។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថា ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ មានអត្ថន័យជាសារវន្ត សម្រាប់បរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន  វគ្គបណ្តុះបណ្តាលនេះមានគោលដៅសំខាន់ៗ ចំនួនពីរគឺ ទី១-ផ្តល់ចំណេះដឹងតាមរយៈការផ្សព្វផ្សាយ និង ពន្យល់ទ្រឹស្តី ខ្លឹមសារ ផែនការក្របខ័ណ្ឌគតិយុត្តិ និងលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងកិច្ចការជំរុញ និងសម្របសម្រួលកិច្ចការវិទ្យាសាស្រ្ត និង បច្ចេកវិទ្យានៅកម្ពុជា។ ទី២-ផ្តល់ចំណេះធ្វើតាមរយៈការផ្សព្វផ្សាយ និង ពន្យល់ពីវិធីសាស្ត្ររូបមន្ត និង ឧទាហរណ៍ជាក់ស្តែងនៃកិច្ចការនីមួយៗ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការកំណត់អាទិភាព ការយកចិត្តទុកដាក់ ឆន្ទៈ និងតួនាទីឈានមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ស្របតាមស្មារតី នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និង ផែនការមេជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ ក្នុងទស្សនៈរួមមួយថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ជាកម្លាំងចលករប្រកបដោយថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់វិស័យជាអាទិភាពជាតិនានា សំដៅបង្កើនប្រាក់ចំណូល សុខុមាលភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកិច្ចការពារបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរីបានថែ្លងអំណរគុណចំពោះក្រសួងផែនការ ដែលបានរៀនចំឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់គ្រប់ស្ថាប័នរដ្ឋក្នុងខេត្ត អំពីបញ្ហាបម្រែបម្រួលយ៉ាងខ្លាំងក្លារបស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)