ចិនប្រាប់អាម៉េរិកឱ្យឈប់ធ្វើការចោទប្រកាន់ចិនដោយគ្មានភ័ស្តុតាង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ប្រទេសចិនបានបដិសេដសេចក្តីរាយការណ៍មួយរបស់ក្រសួងការពារប្រទេសអាម៉េរិក ដែលចោទថា ប្រទេសចិនបានធ្វើឱ្យខូចប្រព័ន្ធអន្តរជាតិនោះថា ជាមហាអំណាចសើរើនិយមមួយ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានចេញការបដិសេដនេះក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ស្តីពីសេចក្តីរាយការណ៍យុទ្ធសាស្ត្រ ឥណ្ឌូ- ប៉ាស៊ីហ្វិក លើកដំបូងដែលផ្សាយដោយក្រសួងការពារប្រទេសអាម៉េរិកកាលពីពេលថ្មីៗនេះ ។

លោក​ Geng បាននិយាយថា សេចក្តីរាយការណ៍នោះបានធ្វើការចោទប្រកាន់ដោយគ្មានភ័ស្តុតាមួយប្រឆាំងប្រទេសចិន ដែលមិនអាចទទួលយកបានទាំងស្រុងដោយលោកនិយាយបន្ថែមថា ក្នុងឋានៈជាប្រទេសដំបូងគេដែលចុះហត្ថលេខាលើធម្មនុញ្ញា អ.ស.ប នេះ ប្រទេសចិនតែងតែជាអ្នកការពារជានិច្ចនូវបទបញ្ជាអន្តរជាតិ ហើយនឹងបន្តថែរក្សាប្រព័ន្ធ និងបទបញ្ជាអន្តរជាតិ និងដោយយកគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អ.ស.ប ធ្វើជាស្នូល ។

ដោយកត់សម្គាល់ថា លទ្ធិឯកតោភាគីនិយម , លទ្ធិការពារទំនិញក្នុងស្រុកនិយមនិងការសម្លុតមាននៅក្នុងសកម្មភាព ស.រ.អា នោះ លោក Geng បានចុះបញ្ជីកិច្ចព្រមព្រៀងនិងស្ថាប័នអន្តរជាតិសំខាន់ៗ ដែល ស.រ.អា បានដើរចេញដែលរួមមានកិច្ចព្រមព្រៀង ធាតុអាកាសក្រុងប៉ារីស , កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ , និងអង្គការអប់រំ , វិទ្យាសាស្ត្រ និងវប្បធម៌ អ.ស.ប  ។

លោក Geng បាននិយាយថា ក្នុងឋានៈជាសមាជិកយ៉ាងសំខាន់មួយរបស់ ​WTO  នោះ ស.រ.អា បានរំលោភដោយឥតលាក់លៀមច្បាប់ពាណិជ្ជកម្មពហុភាគី ហើយជារឿយៗ បានកាន់កាប់ពន្ធលើទំនិញធ្វើជាដំបង​ដ៏ធំមួយ ។

លោកបានទទូចដល់ឥស្សរជនមកពី ស.រ.អា ឱ្យផ្តោតទៅលើសន្តិភាពស្ថិរភាព និងការអភិវឌ្ឍតំបន់នេះ និងពិភពលោកជាជំនួសការចោទប្រកាន់ព្រមទាំងបង្ខូចឈ្មោះប្រទេសចិនដោយគ្មានភ័ស្តុតាងនោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )