វេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩​ — វេទិការអាស៊ាន-ជប៉ុនលើកទី៣៤ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី០៣ ខែមិថុនា ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀន កុកដុង (Nguyen Quoc Dung) និងសមភាគីជប៉ុនលោក តាកែវ ម៉ូរី (Takeo Mori)។

នៅក្នុងវេទិកាប្រចាំឆ្នាំនេះ គណៈប្រតិភូបានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ​យុទ្ធសាស្ត្ររវាងប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជប៉ុន។ ពួកគេបាននិយាយថា កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងភាគីទាំងពីរ បាន​អភិវឌ្ឍន៍​យ៉ាងខ្លាំង ក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព​សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

បណ្ដាប្រទេសជាសមាជិកអាស៊ានបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម​របស់ជប៉ុននៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ និង​ការកសាង​ជំនឿទុកចិត្តថ្នាក់តំបន់ តាមរយៈវេទិកាដែលរៀបចំដោយអាស៊ានមានដូចជា៖ អាស៊ាន៣ កិច្ចប្រជុំអាស៊ីបូព៌ា វេទិកាតំបន់      អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងវេទិការផ្លូវសមុទ្រអាស៊ានដែលបានពង្រីក។

ប្រទេសជប៉ុនបានបន្តក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់អាស៊ាន ដោយទទួល​បានចំណូល២១៩ពាន់លានដុល្លារអាមេរិក និងការវិនិយោគទុនដោយផ្ទាល់ពីបរទេស(FDI) របស់ជប៉ុននៅក្នុងក្រុមសមាជិកចំនួន១០ ដែលមានចំនួនប្រមាណ ១៣,២ ពាន់លានដុល្លារ​ដែល​ឈរនៅលំដាប់ទីពីរក្នុងចំណោមវិនិយោគិននៅក្នុងតំបន់។

បណ្តាប្រទេសនានា បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើពិធីសារទី១ ដែលបាន​ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន​ និងជប៉ុន ដែលមានគោលដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ផែនការអនុវត្តសេចក្តីថ្លែងចក្ខុវិស័យ ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បង្កើនការតភ្ជាប់តំបន់អភិវឌ្ឍន៍ ធនធានមនុស្សដែល​មានគុណភាពខ្ពស់ និងពង្រីកការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន។

វេទិកានេះក៏បានពិភាក្សាផងដែរ អំពីវឌ្ឍនភាពនៃកិច្ចចរចានៃការកសាងក្រមប្រតិបត្តិ​នៅ​សមុទ្រ​ខាងកើត (COC) រវាងអាស៊ាន និងចិន។ ប្រទេសវៀតណាម ដែលជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន នឹងធ្វើការ​សម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជប៉ុន និងបណ្តាសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន ឱ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍​នៃ​ភាគីទាំងពីរ​ ក៏ដូចជាសម្រាប់តំបន់ និងពិភពលោក៕

( ប្រភព VNA:  បកប្រែដោយលោក មាស សំអុល )