រដ្ឋមន្រ្តីការបរទេសទីម័រឡេស្តេស្នើសុំរដ្ឋសភាកម្ពុជាគាំទ្រប្រទេសខ្លួនជាសមាជិកអន្តរសភាអាស៊ាន

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាងភក្តី
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានស្នើសុំ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គំាទ្របេក្ខភាពសភាប្រទេសខ្លួន ជាសមាជិកអន្តរសភាអាស៊ាន ដែលជាអង្គការសភារបស់ប្រទេសសមាជិកអាស៊ាននោះ។
ថ្លែងក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បាបូ សូរេស(Dionisio dacosta Babo Soares) រដ្ឋមន្រ្តីការបរទេសទីម័រឡេស្តេ បានលើកឡើងថា ការគាំទ្រពីប្រទេសកម្ពុជាក្នុងការជួយឲ្យប្រទេសទីម័រឡេស្តេ បានចូលជាសមាជិកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។ ឯកឧត្តម បន្តថា ក្នុងជំនួបឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា ឯកឧត្តម ក៏បានពិភាក្សាអំពីការស្នើសុំកម្ពុជាគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រឡេស្តេ បានក្លាយជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ានដែលហៅកាត់ថា អាយប៉ាផងដែរ។ ជាមួយគ្នានេះ ក៏បានពិភាក្សាអំពីការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែស៊ីជម្រៅផងដែរ។
សម្តេចពញាចក្រី ហេង សំរិន បានគំាទ្រសំណើលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ទីម័រឡេស្តេ និងបានគូសបញ្ជាក់ថា កម្ពុជារីករាយក្នុងការរួមចំណែកជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការចែករំលែកបទពិសោធន៍នានាក្នុងគោលដៅបង្រួញគម្លាត នៃការអភិវឌ្ឍប្រទេសក្នុងតំបន់ ជាពិសេសការធ្វើសមាហរណកម្មតំបន់។ សម្តេចមានប្រសាសន៍ថា ប្រទេសទីម័រឡេស្តេ គប្បីទទួលបានភាពជាសមាជិកនៅក្នុងអង្គការឬវេទិកាអន្តរសភា និងក្នុងអង្គការស្ថាប័ននីតិប្រតិបត្តិដទៃៗទៀត នៅក្នុងតំបន់ និងសកលលោក ក្នុងខណៈប្រទេសនេះ បានបញ្ជាក់ពីតួនាទីដ៏សំខាន់ និងសកម្មភាពរបស់ខ្លួន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្តល់អាហាររូបករណ៍ដល់និស្សិតទីម័រឡេស្តេមកសិក្សានៅកម្ពុជា ខណៈបានបង្ហាញជំហរប្តេជ្ញាចិត្តខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម កសិកម្ម ជាមួយប្រទេសទីម័រឡេស្តេឲ្យកើនឡើង៕