សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយនឹងរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស (Dionisio da Costa Babo Soares) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកចំណង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេ ជូនដល់សម្តេចប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាឱកាសនេះ គឺទីមួយដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ។ ទីពីរពិភាក្សាគ្នាក្នុងក្របខ័ណ្ឌពហុភាគីក្នុងបរិបទអង្គការអាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ មានប្រវត្តិសាស្ត្រ និងអតីតកាលដូចគ្នា ក្នុងបរិបទសង្រ្គាមដែលប្រទេសទាំងពីរបានជួបប្រទះ។ ប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការដឹកនាំ កសាង​ និងការអភិវឌ្ឍប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រត្តិការ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកទៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសធ្វើឱ្យមានការអភិវឌ្ឍ និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំ។ វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនេះ គឺជាបទពិសោធន៍សម្រាប់ប្រទេសទីម័រឡេស្តេ ក្នុងការសិក្សាស្វែងយល់។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា តាមរយៈជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទ្វេរភាគី ដោយបានផ្តោតជាសំខាន់លើការងារជាច្រើន ដែលភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យបច្ចេកទេស សេដ្ឋកិច្ច។ ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌពហុភាគី ប្រទេសទីម័រឡេស្តេ គឺជាផ្នែកមួយនៃអង្គការអន្តរជាតិ ប៉ុន្តែប្រទេសទីម័រឡេស្តេ ពុំទាន់ជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះទេ ដូច្នេះហើយក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីស្វែងរកការគាំទ្រពីប្រទេសកម្ពុជា ក្នុងការគាំទ្រប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ តាមរយៈជំនួបជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគោរពស្នើសុំសម្តេចប្រធានព្រឹទ្ធសភា គាំទ្រឱ្យប្រទេសទីម័រឡេស្តេក្លាយទៅជាប្រទេសនៅក្នុងសមាជិកអាស៊ាន។

នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស ដែលបានថ្លែងសរសើរអំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់  និងថ្នាក់ដឹកនាំជំនាញ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស វប្បធម៌ ដឹកជញ្ជូន និងវិស័យអប់រំ។ល។ សម្តេចប្រធានព្រឹទ្ធសភា សូមលើកទឹកចិត្តចំពោះរដ្ឋាភិបាលបនៃប្រទេសទាំពីរ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរមនុស្សរវាងប្រទេសទាំងពីរ។

តាមរយៈឯកឧត្តមរដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើនូវការសួរសុខទុក្ខដោយសេចក្តីគោរពរាប់ អានអំពីសម្តេច ជូនចំពោះឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ និងសូមគោរពអញ្ជើញឯកឧត្តមប្រធានសភាជាតិទីម័រឡេស្តេ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធភា បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃចំពោះវឌ្ឍនភាពខាងសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទីម័រឡេស្តេ និងសូមប្រសិទ្ធពរឱ្យប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ បន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

សម្តេចប្រធានព្រឹទ្ធសភា​ បានគូសបញ្ជាក់ថា ដូចអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីការគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេមអគ្គមហាពញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសទីម័រឡេស្តេជាមាជិកអាស៊ាន  សភាកម្ពុជាក៏សូមគាំទ្រសភាទីម័រឡេស្តេជាសមាជិកអាយប៉ាផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានជូនពរឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ បំពេញទស្សនកិច្ចនៅព្រះរាជប្រកបដោយជោគជ័យ៕