ក្រសួងធនធានទឹកណែនាំឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះនៅក្នុងសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​  យី វិច្ឆិកា ៖

ក្រសួងធនធានទឹកណែនាំឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ ពិសេសខ្យល់កន្ត្រាក់ នៅក្នុងសប្តាហ៍នេះ ដើម្បីការពារកុំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១មិថុនានេះកម្ពុជា នឹងមានភ្លៀងធ្លាក់ពីក្នុងកម្រិត ពីមធ្យមទៅបង្គួរហើយកន្លែងខ្លះអាចខ្លាំង ជាលក្ខណៈ ឡូកាល់ អាចបង្កជាផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលទាមទារឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ឲ្យបានជាប់ជាប្រចាំ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអៈអាងថា ការកើតឡើងនៃបាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលដែលអូសបន្លាយលើប្រទេសកម្ពុជា ភាគខាងលើ គួរផ្សំនឹងខ្យល់មូសុងនិរតីដែលមានឥទ្ធិពលកើតឡើងវិញ ធ្វើឲស្ថានភាពអាកាសមានលក្ខណៈអំណោយផលល្អដល់ប្រទេសកម្ពុជា។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ដោយសារតែឆ្នាំ២០១៩នេះគឺជាឆ្នាំអែលនីណូ ទើបធ្វើឲ្យប្រទេសកម្ពុជាទទួលនូវឥទ្ធិពលនេះ ហើយឥទ្ធិពលនេះមិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចតែប៉ុណ្ណោះ៕