អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា នឹងបើកសវនាការក្នុងសំណុំ​រឿង ០០៤/២ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ — អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា​(អ.វ.ត.ក) បានសម្រេច ថា សវនាការនឹងត្រូវធ្វើឡើងនៅក្នុងសំណុំរឿង០០៤/២ ដើម្បីស្តាប់​ទឡ្ហីករណ៍​ពីភាគីនៅក្នុង សំណុំរឿង មុនពេលដែលអង្គបុរេជំនុំជម្រះចេញសាល​ដីកាលើបណ្តឹង​ឧទ្ធរណ៍​ទាំង​នោះ​។ យោងតាមដីកាកំណត់កាលបរិច្ឆេទដែលបានចេញនៅថ្ងៃនេះ សវនាការនេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី១៩ ថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌​មានរបស់អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សហព្រះរាជអាជ្ញាជាតិ សហព្រះរាជអាជ្ញាអន្តរជាតិ និងសហមេធាវីជាតិ-អន្តរជាតិការពារក្តីជន​ត្រូវ​ចោទ នឹងមានសិទ្ធិលើកឡើងពីទឡ្ហីករណ៍ របស់ខ្លួន។​ ប្រសិនបើជនត្រូវចោទមានវត្តមាន ជន​ត្រូវ​ចោទ​នឹង​​​ទទួល​​បាន​ឱកាស​ដើម្បីធ្វើ សេចក្តីសន្និដ្ឋានផ្ទាល់ខ្លួននៅពេលចុងបញ្ចប់បិទសវនាការ។ ជាមួយគ្នានេះ នៅពេលបិទ​បញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងធ្វើការពិចារណាដើម្បី​ចេញ​សាល​ដីកា​សម្រេច។

អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក មានសមាសភាពចៅក្រមជាតិចំនួនបីរូប និងចៅក្រមអន្តរ​ជាតិ​ចំនួ​ន​ពីរ​រូប។ ក្នុងនាមជាអង្គជំនុំជម្រះដោះស្រាយបណ្តឹងឧទ្ធរណ៍ អង្គបុរេជំនុំជម្រះ អាច បើក​សវនាការ​លើ​សំណើ និងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា និងសេចក្តីសម្រេចដែលចេញ ដោយសហចៅក្រមស៊ើបអង្កេត។

សវនាការនេះ នឹងធ្វើឡើងជាសាធារណៈនៅពេលដែលចាប់ផ្តើមឧទ្ទេសនាមភាគី នៅក្នុងសំណុំរឿងជូនអង្គជំនុំជម្រះ និងនៅពេលដែលអង្គជំនុំជម្រះអានសេចក្តីរាយការណ៍ អំពីសំណុំរឿងនេះ។ បន្ទាប់មក អង្គបុរេជំនុំជម្រះ នឹងស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុង​សំណុំ​រឿង​​នៅក្នុង​សវនាការ​សម្ងាត់​វិញ។

សូមបញ្ជាក់ថា អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជាបាន​ទទួលបណ្តឹង​ឧទ្ធរណ៍​ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារក្តីជនត្រូវចោទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹង​ដីកា​ដំណោះ​ស្រាយ​​​(ដីកា​បញ្ជូន​ទៅ​ជំនុំ​ជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេត អន្តរ​ជាតិនៅថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០១៨​ នៅក្នុង​សំណុំ​រឿង ០០៤/២ និងបណ្តឹងឧទ្ធរណ៍ដាក់ ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ប្រឆាំងនឹងដីកាលើកលែង ចោទ ប្រកាន់ជនត្រូវចោទ​ ដែលចេញដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​នៅ​ថ្ងៃ​ទី១៦ ខែ សីហា ឆ្នាំ២០១៨​ នៅក្នុងសំណុំរឿង ០០៤/២៕

ដោយ អ៊ុន រិទ្ធី