បេសកជនអាម៉េរិកនៅប៉ាគីស្ថានសម្រាប់ដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា  ឆ្នាំ២០១៩ — តំណាងពិសេសអាម៉េរិកសម្រាប់ការផ្សះផ្សាគ្នារបស់អាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បានធ្វើកិច្ចប្រជុំថ្នាក់គណៈប្រតិភូមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យជាមួយពួកមន្ត្រីប៉ាគីស្ថាន ព្រមទាំងបានធ្វើការពិភាក្សាគ្នាពីដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន ។

តាមអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក  Mohammad Faisal ឱ្យដឹងថា កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើងនៅឯក្រសួងការបរទេស ហើយភាគីប៉ាគីស្ថានត្រូវបានដឹកនាំដោយមន្ត្រីនៅឯក្រសួងការបរទេស គឺឯកអគ្គរដ្ឋទូតលោក  Aftab Khokher ។

អ្នកនាំពាក្យនោះបាន tweet ថា ប្រទេសប៉ាគីស្ថានរំលឹកឡើងវិញ ការសន្យារបស់ខ្លួនសម្រាប់សន្តិភាព ។គេបានលើកទឹកចិត្តដល់ភាគីទាំងអស់ឱ្យចាប់យកឱកាសនេះ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយតាមរយៈដំណោះស្រាយនយោបាយ ។

ប្រភពការទូតបាននិយាយថា បេសជនអាម៉េរិកនេះបានគ្រោងធ្វើកិច្ចប្រជុំជាមួយមេបញ្ជាការយោធាប៉ាគីស្ថានឧត្តមសេនីយ  Qamar Javed Bajwa នៅយប់ថ្ងៃអាទិត្យនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )