ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកធនធានមនុស្សជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍប្រទេស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យអប់រំនៅតែជាវិស័យអាទិភាពទីមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យ មានការរីកចំរើន។សម្តេចតេជោ ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៣ ខែមិថុនានេះ។សម្តេចតេជោ បន្តថា ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានបង្កើនថវិកាក្នុង វិស័យអប់រំ ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចតេជោ បានរំលឹកថា ចាប់តាំងពីបញ្ចប់សង្គ្រាមរហូត មកដល់បច្ចុប្បន្ន វិស័យអប់រំនៅកម្ពុជា មានការអភិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់ កាល ហើយបានឈានទៅធ្វើទំនើបភាវូបនីយកម្មនៃវិស័យអប់រំ កាន់តែខ្លាំង។ សម្តេចតេជោ បន្ថែមថា ពាក់ពន្ធ័នឹងថ្នាក់ឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការកែទម្រង់ ជាបន្តបន្ទាប់ ជាពិសេសបានបើកឱកាសឲ្យវិស័យឯកជនបានចូលរួមចំណែកក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស។