មន្រ្តីសេតវិមានការពារផែនការតម្លើងពន្ធលើប្រទេសម៉ិកស៊ិករបស់លោកត្រាំថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយ

អាមេរិក៖ កាលពីថ្ងៃអាទិត្យនាយសេនាស្តីទីប្រចំាសេតវិមានបានការពារផែនការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក្នុងការតំឡើងពន្ធលើទំនិញទាំងអស់ពីប្រទេសម៉ិកស៊ិកជុំវិញបញ្ហាកង្វល់នៃជនអន្តោប្រវេសន៍ខុសច្បាប់ទោះបីជាមានការរិះគន់យ៉ាងច្រើនពីអ្នកនយោបាយ,អ្នកប្រាជ្ញនិងម្ចាស់អាជីវកម្មក៏ដោយ។

លោកមន្ត្រីរូបនោះបានប្រាប់សារព័ត៌មានហ្វកញូវកាលពីថ្ងៃអាទិត្យថាលោកប្រធានាធិបតីបាននិយាយយ៉ាងច្បាស់អំពីការដោះស្រាយស្ថានភាពនៅតាមព្រំដែនភាគខាងត្បូងហើយលោកបានបន្ថែមទៀតថារឿងទាំងឡាយត្រូវតែមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។

លោកត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងតំឡើងពន្ធ ៥ ភាគរយលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិកទាំងអស់ចាប់ពីថ្ងៃទី ១០ខែមិថុនាដើម្បីដាក់សម្ពាធឱ្យប្រទេសនេះបញ្ឈប់ជនអន្តោប្រវេសន៍គ្មានឯកសារឆ្លងកាត់ព្រំដែនហើយនឹងបង្កើនពន្ធជា        បន្តបន្ទាប់ទៀតរហូតដល់បញ្ហាត្រូវបានដោះស្រាយដែលនេះជាការផ្លាស់ប្តូរមួយធ្វើឱ្យមានការព្រួយបារម្ភជាច្រើនពីមហាជន។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.០៦.១៩)