សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាមនៅព្រះវិហារបឹងកក់

AKP ភ្នំពេញ​ ថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីស្រាយបួស«ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាម ដែលមកពីបណ្ដារាជធានី ខេត្ត ចំនួនជាង ៧០០នាក់ នាល្ងាច ថ្ងៃ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃអាទិត្យ ទី២ ខែមិថុនា គ.ស.២០១៩ នៅវិហារបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា ដូចសព្វមួយដង ការងារខ្ញុំគឺមានជារៀងរាល់ថ្ងៃ។ ក្រោយពីបានពិនិត្យ និងសម្រេចលើឯកសារមួយចំនួនរួចហើយ នៅល្ងាចនេះខ្ញុំនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។ ខ្ញុំសូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្ររូបខ្ញុំនិងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយរីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា នេះជាឆ្នាំទី៦ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជាអធិបតីភាពជួបជុំពិសារអាហារស្រាយបួសក្នុងខែរ៉ាម៉ាឌនជាមួយសាសនិកឥស្លាមកម្ពុជា ដែលឆ្នាំទី១ ពិធីនេះត្រូវបានរៀបចំនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០១៤ ដែលមានអ្នកចូលរួមប្រមាណ ១.៤០០នាក់ ហើយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម ប្រមាណ ៤ ៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលកោះពេជ្រ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់សាសនិកខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះពុទ្ធសាសនិកក៏ដោយ និង ក៏ដូចជាយកចិត្តទុកដាក់លើកកម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿសាសនាដោយពេញលេញដោយឥតមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ សម្រាប់ប្រទេសកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែក៏មិនបានហាមឃាត់លើសេរីភាពនៃជំនឿ និងការគោរពប្រណិបត្តិសាសនានោះដែរ។ នៅកម្ពុជានាពេលបច្ចុប្បន្នមានពុទ្ធសាសនិកប្រមាណ ៩៥ភាគរយ ឥស្លាមមានជិត ២ភាគរយ និងគ្រិស្ទសាសនិកប្រមាណ ១.២៥ភាគរយ ព្រមទាំងសាសនាផ្សេងៗមួយចំនួនទៀត៕

ដោយ ជឹម ណារី