របាយការណ៍រតនាគារ៖ កូរ៉េខាងជើងមានទ្រព្យដែលបង្កកនៅសហរដ្ឋអាមេរិក ក្នុងតម្លៃស្មើនឹង៧៤លានដុល្លារអាមេរិក កាលពីឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩  — តាមរបាយការណ៍របស់ក្រសួងរតនាគារ បានបង្ហាញនៅថ្ងៃសុក្រថា ទ្រព្យសម្បត្តិ​ប្រមាណជា៧៤លានដុល្លារអាមេរិកនៃទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងនៅក្នុង​សហរដ្ឋអាមេរិក​ត្រូវបានគេបង្កកកាលពីឆ្នាំមុន ជាផ្នែកមួយនៃទណ្ឌកម្ម ពោលគឺកើនឡើង ១៧,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់រតនាគារបានផ្តល់តួរលេខនេះ នៅក្នុង​របាយការណ៍ភេរវកម្មរបស់ខ្លួន។ ទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងដែលគេបង្កក គិតត្រឹមឆ្នាំ ២០១៧ សរុបមានចំនួន ៦៣,៤ លានដុល្លារអាមេរិក។

របាយការណ៍នេះបានបង្ហាញទៀតថា អាម៉េរិកក៏បានបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់ និងស៊ីរី​ដែល​មានតម្លៃសរុបចំនួនប្រមាណ ១០៧,១៤លានដុល្លារ និង៣៥,០៧លានដុល្លារអាមេរិក​ផងដែរ​កាលពីឆ្នាំមុន។ ប្រទេសទាំងពីរស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាម៉េរិកដោយ​រួមជាមួយនិង​ប្រទេសកូរ៉េខាង​ជើងផងដែរ។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេដាក់នៅក្នុងបញ្ជីប្រទេសគាំទ្រភេវរកម្មរបស់ទីក្រុង​វ៉ាស៊ីង​តោន កាលពីឆ្នាំ១៩៨៨ ដោយសារការទម្លាក់គ្រាប់បែករបស់ខ្លួន​លើយន្តហោះកូរ៉េ​ខាង​ត្បូង ដែលបានសម្លាប់​មនុស្ស​ទាំងអស់ចំនួន ១១៥នាក់នៅលើយន្តហោះ។

ប្រទេសនេះ ត្រូវបានដកចេញពីបញ្ជីក្នុងឆ្នាំ២០០៨ ​ដើម្បីផ្លាស់ប្តូរវឌ្ឍនភាពនៃកិច្ចចរចា​នុយក្លេអ៊ែរ ប៉ុន្តែសហរដ្ឋអាមេរិកបានដាក់ ប្រទេសកូរ៉េខាងជើងត្រឡប់មកវិញនៅឆ្នាំ២០១៧ ដែលធ្វើឱ្យប្រទេសកុម្មុយនិស្តមួយនេះ ស្ថិតនៅក្រោមការរឹតត្បិតខាងសេដ្ឋកិច្ច​ ដោយ​រួម​ទាំងការបង្កក​ទ្រព្យសម្បត្តិ ក្នុងនាមជាបុគ្គល ឬអង្គភាពដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )