រដ្ឋមន្ត្រីការពារប្រទេសជប៉ុននិងរុស្ស៊ីសម្តែងការព្រួយបារម្ភលើបញ្ហាយោធារៀងខ្លួន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩  — រដ្ឋមន្ត្រីការពារប្រទេសជប៉ុននិងរុស្ស៊ីបានសម្តែងនូវកង្វល់រៀងៗខ្លួន របស់ពួកគេលើបញ្ហាដែលទាក់ ទងនឹងយោធាក្នុងអំឡុងកិច្ចចរចាក្នុងក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការពារប្រទេសជប៉ុនលោក តាកេស៊ី អ៊ីវ៉ាយ៉ា ( Takeshi Iwaya ) បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក សែហ្គេ សយហ្គូ ( Sergei Shoigu  ) ថា ប្រទេសជប៉ុនមានការព្រួយបារម្ភអំពីការកសាងកងកម្លាំងរុស្ស៊ី នៅលើកោះមានជម្លោះនៅឯនាយតំបន់ហុកកៃដូភាគខាងជើងបំផុត​ ។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅមុនកិច្ចប្រជុំពីរបូកពីរ ដែលមានរដ្ឋមន្ត្រីការពារប្រទេសនិងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ​ ។ នៅពេលជាមួយគ្នានោះដែរ លោក សយហ្គូ បានសម្តែងការព្រួយបារម្ភលើផែនការរបស់ប្រទេសជប៉ុន ដើម្បីបង្ហាញនូវប្រព័ន្ធការពារមីស៊ីល Aegis Ashore ផលិតនៅអាម៉េរិក ។

បញ្ហានៃការមិនចុះសម្រុងគ្នាថែមទៀតក៏ដូចជាការមូលមតិគ្នាលើការធ្វើការងារទាំងអស់គ្នាឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះ គេបម្រុងធ្វើការពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំពីរបូកពីរ ដែលជាកិច្ចប្រជុំបែបនេះលើកដំបូងធ្វើឡើងរវាងប្រទេសទាំងពីរចាប់តាំងពីខែកក្កដាឆ្នាំកន្លងទៅ​ ។ កោះមានជម្លោះត្រូវបានគេស្គាល់ថា ទឹកដីភាគខាងជើងក្នុងប្រទេសជប៉ុន និងគូរីលភាគខាងត្បូង ក្នុងប្រទេសរុស្ស៊ី ។

តែយ៉ាងណាក៏ដោយភាគទាំងពីរបានព្រមព្រៀងគ្នាជាបណ្តោះអាសន្នដើម្បីធ្វើការពិភាក្សាគ្នាពីការធ្វើឱ្យចម្រើនទៅមុខសកម្មភាពសេដ្ឋកិច្ចរួមនៅលើកោះនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )