មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរំពឹងទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើន តាម រយៈព្រឹត្តិការណ៍ AMSលើកទី១៦នៅកម្ពុជា

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឺម ភិរក្សនារីរតន: ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ណៈ៖

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរំពឹងថានឹងទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើន តាម រយៈព្រឹត្តិការណ៍សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថាAMSលើកទី១៦នៅខែមិថុនាខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុជាតិកម្ពុជាឯកឧត្តមហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ឆ្នាំ២០១៩បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំAMSនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ នឹងបានបង្កលក្ខណៈងាយស្រួល ថ្នាក់ដឹកនាំភ្ញៀវអន្តរជាតិនិងអ្នកសារព័ត៌មានបរទេសប្រមាណជាង៥០០នាក់មកពីប្រទេសជាង៤០ប្រទេសនឹងបានឃើញនូវទិដ្ឋភាពដ៏អស្ចារ្យនៃប្រាង្គប្រាសាទបុរាណខ្មែរ ស្ថិតក្នុងខេត្តសៀមរាប ហើយពួកគេនឹង ជួយផ្សព្វផ្សាយបន្តនៅពេលពួកគេត្រឡប់ទៅវិញ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានអៈអាងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំAMS ក្រុមការងារនឹងជូនភ្ញៀវអន្តរជាតិទំាងនោះ ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលជាសម្បត្តិ បេតិភណ្ឌដ៏មានតម្លៃរបស់ជាតិ ដោយឥតគិតថ្លៃ។
ឯកឧត្តមបានបន្តទៀតថា ការជ្រើសរើសយកខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ នឹងបានទទួលផលចំណេញជាច្រើនសម្រាប់ជាតិ ព្រោះការចូលរួមរបស់ភ្ញៀវអន្តរជាតិនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំនេះមិនត្រឹមអោយតម្លៃកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ថែមទំាងបាន ជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ដ៏ល្អផូរផងរបស់កម្ពុជាថែមទៀតផង។
អ្នកដែលអញ្ជើញមកសុទ្ធសឹងជាអ្នកសារព័ត៌មាន ក្រោយពីគាត់បានមកទស្សនាហើយយើងសង្ឃឹមថា គាត់នឹងពាំនាំនូវព័ត៌មានល្អៗពីប្រទេសកម្ពុជា ជាពិសេសគឺប្រាសាទដ៏ល្អរបស់ប្រទេសយើង គឺយើងធ្វើម៉េចពេលណាដែលគាត់មកគាត់បានធ្វើការពង្រីកវិស័យទេសចរណ៍យើង ឬក៏ទេសភាព ឬក៏សម្បត្តិវប្បធម៌របស់យើង អញ្ចឹងទៅគាត់នឹងផ្សព្វផ្សាយបន្ត ហើយនៅក្នុងនោះគឺបានទាក់ទាញវិស័យទេសចរណ៍មកកម្ពុជាកាន់តែច្រើន ។
ឯកឧត្តមបានបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ និងកិច្ចប្រជុំ ពាក់ព័ន្ធ មានរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មកដល់ពេលនេះមានថ្នាក់ដឹកនាំថ្នាក់រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងតំបន់អាស៊ីជិត១០ប្រទេសនឹងមានអ្នកសារព័ត៌មានអន្តរជាតិជាង២០០នាក់មកពី៤០ប្រទេសបានចុះឈ្មោះតាមការអញ្ជើញរបស់កម្ពុជាហើយ ហើយចំនួននេះនឹងបន្តមានកំណើនកើនឡើងបន្តទៀត៕