ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា កំណើនសេដ្ឋកិច្ចខ្ពស់របស់ចិននិងឥណ្ឌា កំពុង ក្លាយជាកម្លាំងចលករដ៏សំខាន់សំរាប់សេ្ថរភាពនយោបាយក្នុងតំបន់និងសកលលោក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នតំបន់អាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់របស់ចិននិងឥណ្ឌា មិនត្រឹមតែបានក្លាយជាមជ្ឈមណ្ឌលនៃកំណើនប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាកម្លាំងចលករដ៏សំខាន់សំរាប់សេ្ថរភាពនយោបាយក្នុងតំបន់និងសកលលោក។ថ្លែងក្នុងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ បន្តថា បច្ចុប្បន្ន ចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២លើសកលលោក ខណៈទំហំសេដ្ឋកិច្ចឥណ្ឌាបានកើនឡើងយ៉ាងលឿនគឺជាង៣ដង បើធៀបនឹងចុងសតវត្សរ៍ទី២០ ដែលធ្វើឲ្យ សេដ្ឋកច្ចឥណ្ឌាបច្ចុប្បន្ន មានទំហំធំជាងសេដ្ឋកិច្ចកាណាដានិងរុស្ស៊ី។សម្តេចតេជោ បន្ថែមថា ជាមួយគ្នានេះ អាស៊ានក៏បានក្លាយជាសហគមន៍សេដ្ឋកិច្ចដ៏ធំមួយ ដែលចារឹកដោយកំណើន ខ្ពស់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធស៊ីជម្រៅ គឺមានសេដ្ឋកិច្ចក្នុងទំហំដល់ទៅ៣.១ទី្រលានដុល្លា អាមេរិក ជាសេដ្ឋកិច្ចលំដាប់ទី៥លើពិភពលោក និងជាតំបន់មានកំណើនខ្ពស់មួយ ដែលជំរុញ ដោយពាណិជ្ជកម្មសេរី និងកំណើនផលិតភាព។