កូរ៉េខាងជើងបង្កើនយុទ្ធនាការការទូតជាមួយអង្គការសហប្រជាជាតិដើម្បីទទួលបាននាវាដែលរឹបអូសមកវិញ

កូរ៉េខាងជើង៖ កូរ៉េខាងជើងកាលពីថ្ងៃពុធបានចាប់ផ្តើមយុទ្ធនាការការទូតមួយនៅឯអង្គការសហប្រជាជាតិដើម្បីឲ្យមានការដោះលែងនាវាដឹកទំនិញដែលរឹបអូសដោយសហរដ្ឋអាមេរិកហើយបានព្រមានថាអាចនឹង​មានផលវិបាកផ្សេងៗបើសិនជាគ្មានវិធានការណាមួយត្រូវបានដោះស្រាយនោះទេ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោកគីមសុងបានផ្តល់ការព្រមាននៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ ​ដើម្បីដាក់ការទាមទាររបស់ក្រុងព្យុងយ៉ាងឲ្យមានអន្តរាគមន៍ពីស្ថាប័នអន្ដរជាតិដើម្បីប្រគល់នាវាដែលត្រូវអាមេរិកឃាត់ទុកនោះ ឲ្យមកកូរ៉េខាងជើងវិញ ។

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ៩ខែឧសភាកន្លងមកថាខ្លួនបានរឹបអូសនាវាដឹកទំនិញរបស់កូរ៉េខាងជើងដោយលើកហេតុផលថានាវានោះត្រូវបានប្រើដើម្បីនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើងដែលជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (៣០.០៥.១៩)