សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា ចូលជួបសម្តែងការគួរសម

វិទ្យុជាតិកម្ពុជា៖ លោកជៀងយ៉ារ៉េត

(តូក្យូ, ជប៉ុន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្តអនុញ្ញាតឱ្យលោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្សចូលជួបសម្តែងការគួរសម និងរំលឹកនូវរឿងរ៉ាវជាអនុស្សាវរីយ៍ពីអតីតកាលមួយចំនួន។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំ ណរគុណសម្តេចតេជោ ដែលបានលើកឡើងពីការងាររបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោផងដែរថា លោកពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរ គុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរ សម និងពិភាក្សាការងារ ហើយនិងការ រាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំលឹកពីទំនាក់ ទំនងរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកសាស្ត្រាចារ្យ បានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយ ហើយលោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំលឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។

ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល ៣៥ឆ្នាំនេះ លោកបានបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យានៅ ក្នុងប្រទេសកម្ពុជាបានជាច្រើនរូប។ ក្នុងនោះមាននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រចំនួន ១៨នាក់ និងថ្នាក់បណ្ឌិត ៧នាក់ ហើយពួកគេបានធ្វើការងារនៅរមណីយ ដ្ឋានអង្គរ។

ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងរវាងសម្តេចជាមួយលោកសាស្ត្រាចារ្យផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការដែលសម្តេចបានជួបជាមួយសាស្ត្រាចារ្យ គឺមានរយៈពេលយូរ ណាស់មកហើយ ហើយអ្វីដែលសម្តេចបានស្នើសាស្ត្រាចារ្យពីពេលនោះ គឺធ្វើយ៉ាងណាជួយបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជា ជាពិសេសជួយដល់ប្រជាពលរដ្ឋរស់នៅបរិវេណអង្គរវត្ត។

លើសពីនោះទៀត សម្តេចតេជោ នៅតែចងចាំថា ការងារអភិរក្សនេះ គឺមានការងារពាក់ព័ន្ធជាច្រើន ជាពិសេសរួមមានទាំងការធ្វើអនុក្រឹត្យបញ្ឈប់មិនឱ្យមានរថយន្តធំៗបើកកាត់តំបន់អង្គរវត្តជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា កាលពី២០ឆ្នាំមុន សម្តេចបានធ្វើការ ងារជាមួយលោក កេ អូប៊ីជី ដែលជានាយករដ្ឋមន្ត្រីដំបូងគេបានបំពេញទស្សន កិច្ចផ្លូវការនៅកម្ពុជាក្នុងខែមករា ឆ្នាំ ២០០០ ក្រោយកម្ពុជាបិទបញ្ចប់ភ្លើង សង្គ្រាម ហើយលោកសាស្ត្រាចារ្យ ក៏បានអញ្ជើញចូលរួមផងដែរ។ ២០ឆ្នាំក្រោយ សម្តេចនៅតែធ្វើការងារជាមួយលោកសាស្ត្រាចារ្យ ក៏ដូចជាកូនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក កេ អូប៊ីជី ផងដែរ។

លោកសាស្ត្រាចារ្យ បានអះអាងនៅ ចំពោះមុខសម្តេចតេជោផងដែរថា លោកនឹងនៅតែបន្តធ្វើការនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី ហើយនឹងបន្តធ្វើការស្រាវ ជ្រាវ និងអភិវឌ្ឍនៅប្រាសាទខ្មែរ។ លោកសាស្ត្រាចារ្យ ក៏បានគោរពអញ្ជើញសម្តេចតេជោទៅទស្សនកិច្ចនៅមជ្ឈ មណ្ឌលនេះ និងធ្វើបាឋាកថាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានឯកភាព និងទទួលយកការអញ្ជើញនេះ៕