អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តផ្សព្វផ្សាយបង្ការការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹង និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ដល់ប្រតិបត្តិករទេសចរណ៍និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ នៅសាលប្រជុំសាលាខេត្តកែប នៅរសៀល ថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ។ កិច្ចប្រជុំផ្សព្វផ្សាយ នេះធ្វើឡើង ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះលោកស្រី អ៊ុល ភីរុណអភិបាលរងខេត្តកែប បានប្រសាសន៍ ថា ខេត្តកែប មិនមែនជាទីតាំងផលិតគ្រឿងញៀន ទេ ប៉ុន្តែ លោកស្រីចង់អោយ គ្រប់គោលដៅទេសចរណ៍ និងសេវាករទេសចរណ៍ទាំងអស់ត្រូវសហការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការចែកចាយការប្រើប្រាស់គ្រឿងញៀងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួនទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបង្រ្កាប និងទប់ស្កាត់ឲ្យបាន ទាន់ពេលវេលា ធានាបាននូវភាពសុខដុមរមនាជូនដល់ប្រជាពលរដ្ឋយើង។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឡោ សុវិជ្ជា អគ្គនាយក រង ក្រសួង ទេសចរណ៍ បានបង្ហាញពី បទពិសោធន៍ និងផលលំបាកផ្សេងៗដែលនឹងអាចកើតឡើងក្នុងទីតាំងអាជីវកម្មសេវាទេសចរណ៍ ប្រសិនបើអ្នកប្រកបអាជីវកម្មសេវាទេសចរណ៍មិនបានស្វែងយល់ឬមិនបានទទួលព័ត៌មានគ្រប់គ្រាន់ទូលំទូលាយពីបញ្ហាគ្រឿងញៀន។
ទោះជាយ៉ាងណាក្ដី ឯកឧត្ដម ចិន សាម៉ន ទីប្រឹក្សា ក្រសួង ទេសចរណ៍ បា នថ្លែងថា បញ្ហាគ្រឿងញៀនអាចដោះស្រាយបានលុះត្រាតែមានការចូលរួមទាំងអស់គ្នា ហើយប្រតិបត្តិករទេសចរណ៍មានតួនាទីសំខាន់ណាស់ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន តាមរយះការសិក្សាស្វែង យល់ពីគោលនយោបាយ ច្បាប់ និងសហការឲ្យបានជិតស្និទ ជាមួយសមត្ថកិច្ច មូលដ្ឋាន ដោយហ៊ានរាយការណ៍ រាល់ការសង្ស័យនានាដែលអាចពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ឯកឧត្ដម បាន សំណូមពរដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនឲ្យប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់និងចូលរួមកាន់តែសកម្មបន្ថែមទៀត៕