រដ្ឋមន្រ្តីក្រសួងធនធានទឹក ជំរុញអោយ មន្ត្រីជំនាញសាងសង់ច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាមអោយរួចរាល់មុនរដូវទឹកឡើង

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាម ដែលចាប់ផ្តើមការងារពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ។
ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុវត្តការងារសាងសង់នេះ ឯកឧត្ដម លឹម គានហោ បានរណែនាំដល់មន្ត្រីជំនាញទៅលើការងារសាងសង់ត្រូវធ្វើតាមលក្ខណៈបច្ចេកទេស ដែលធានាដល់ស្ថិរភាព សំណង់យូរអង្វែង រាប់តាំងពី ការសម្អាតគ្រឹះសំណង់, ការចាក់គ្រឹះសំណង់, ការរៀបចំធ្នឹមបណ្តោយ ដែលការពារដល់ភាពរអិលចុះក្រោម (Sliding), ការគិតគូរម៉ត់ចត់ដល់ពេលរៀបខឿនការពារ ដោយតម្រូវឲ្យមានការគិតគូរខ្ពស់អំពីជំរាប (Seepage) ដែលដាច់ខាតត្រូវមានរន្ធបង្ហូរជាចំបាច់ (Drain)។ ឯកឧត្ដម រដ្ឋមន្ត្រី បានកោតសរសើរចំពោះអ្នកបច្ចេកទេស ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន និងបន្តខិតខំធ្វើយ៉ាងណាឲ្យសំណង់រួចរាល់ទាន់រដូវទឹកឡើង។
សូមបញ្ជាក់ថាការដ្ឋានសាងសង់ច្រាំងទន្លេ នៅខេត្តកំពង់ចាម មាន ប្រវែង ១៧០ម៉ែត្រ ដែលតម្រូវឲ្យមានការស្ថាបនាសារជាថ្មី។ ក្នុងនោះរួមមាន៖១៖ រុះរើសំណង់ចាស់ និងសម្អាតទីតាំងសារជាថ្មី។ ២៖ រៀបចំសំណង់ច្រាំងសារជាថ្មី ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ២០%៕