មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ការផ្តល់ជំនួយតាមរយៈអង្គការដៃគូសម្រាប់ចូលរួម ជាមួយរាជរដ្ឋាភិបាលសម្រាប់ធ្វើការអភិរក្សធនធានធម្មជាតិ គឺជាកត្តាមួយដ៏ល្អប្រសើរ

AKP សៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conserva tion of Nature)​ និងមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការ គំរាមកំហែង (CEPF) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាវាយតម្លៃ ចុងក្រោយរបស់ខ្លួនសម្រាប់ដំណាក់កាលទី២ក្នុងតំបន់ឥណ្ឌូ-ភូមា នៅខេត្តសៀមរាប។ សិក្ខា សាលានេះបានពិភាក្សាទៅលើបញ្ហានៃការអភិរក្សចម្បងៗ ដែលកំពុងជួបប្រទះនៅតំបន់ ដែលសម្បូរទៅដោយជីវចម្រុះ ដើម្បីធ្វើការផ្តល់ជំនួយសម្រាប់យកទៅធ្វើការអភិរក្សឱ្យ ចំគោលដៅ។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្តល់ជំនួយរបស់ CEPF សម្រាប់ទៅ លើការ ងារអភិរក្សជីវចម្រុះ គឺពិតជាមានសារៈសំខាន់ និងបានរួមចំណែកដល់គោល នយោបាយអភិរក្សជីវចម្រុះ និងជលផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការកំណត់ អត្តសញ្ញាណកាលានុវត្តភាពថ្មីៗនិងអាទិភាពសម្រាប់ការអភិរក្សជីវចម្រុះនៅក្នុងតំបន់។

លោកបានបន្តថា សម្រាប់វិស័យជលផល IUCN បានសហការជាមួយរដ្ឋបាលជល ផលបានកំណត់តំបន់ដែលមានជីវចម្រុះច្រើន ហើយកំពុងទទួលការគំរាមគំហែង និង បានកំពុងគិតគូរខ្ពស់ទៅលើការអភិរក្សប្រភេទសត្វ ដែលប្រឈមការគ្រោះថ្នាក់ខ្លាំង ដូចជាអណ្តើក ត្រីរាជ ត្រីគោលរាំង ផ្សោត កន្ធាយក្បាលអង្កែបជាដើម។

លោក គង់ គឹមស្រេង ប្រធាន​នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប នៃក្រសួងបរិស្ថាន​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួង​បរិស្ថាន​គ្រប់គ្រងតំបន់ការ ពារធម្មជាតិជាង៥០តំបន់នៅលើផ្ទៃដីជាង៧លានហិកតា ដោយរ​មន្រ្តី​អភិរក្សជាច្រើន​បានធ្វើការងារការពារតំបន់អភិរក្សទាំងនេះ។ ប៉ុន្តែសម្រាប់ថវិកាអនុវត្តន៍ការងារនេះនៅមាន​កម្រិត ដូច្នេះការផ្តល់ជំនួយរបស់ CEPF ទៅដល់អង្គការដៃគូសម្រាប់យកមកចូលរួមធ្វើការ ងារអភិរក្សនៅតំបន់ការពារធម្មជាតិនេះ គឺជាកត្តាមួយដ៏ល្អប្រសើរ។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) បានថ្លែងថា អង្គការរបស់លោក​ទទួល​បានគម្រោងជំនួយជាច្រើនពី CEPF ហើយសម្រាប់លោកផ្ទាល់គឺបានកាន់គម្រោងចំនួនពីរ គឺមាន​គម្រោង​អភិរក្សអណ្តើក លួងនៅខេត្តកោះកុង និងកន្ធាយក្បាលកង្កែបនៅតាមដងទន្លេមេគង្គ។ លោកថា បើគ្មានថវិកា ទាំងនេះទេយើងមិនអាច​ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការអភិរក្សសត្វទាំងនេះបានទេ។

លោក Scott Perkin ប្រធានក្រុមធនធានធម្មជាតិរបស់ IUCN ប្រចាំតំបន់អាស៊ីបាន មានស្រាសន៍ថា នៅក្នុងរយៈពេល៦ឆ្នាំចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ននេះ CEPF បានផ្តល់ជំនួយជាង ១៨០គម្រោង ដែលមានថវិកាជាង១៥លានដុល្លារអាម៉េរិក ទៅដល់ ប្រទេសចំនួន៦ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា​ ថៃ វៀតណាម បូកផ្នែកខ្លះនៃ ប្រទេសបង់ក្លាដែស និងភាគខាងត្បូងប្រទេសចិន។ សម្រាប់ប្រទេសកម្ពុជា ទទួលបាន​ច្រើន ជាង​គេដោយសារតែ នៅកម្ពុជាមាន​តំបន់ការពារធនធានធម្មជាតិ និងជីវចម្រុះច្រើន សម្បូរបែប។

សូម​បញ្ជាក់ថា នៅ​ក្នុង​សិក្ខាសាលានេះ ក៏មាន​បង្ហាញ និងចែលរំលែក​បទពិសោធន៍ ពីអ្នកជំនាញ​អន្តរជាតិ និងអន្តរជាតិជាច្រើនពាក់ព័ន្ធការ​ងារ​អភិរក្សធនធានធម្មជាតិជីវចម្រុះ ជាពិសេសការសង្គ្រោះសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងប្រឈមការ​ផុតពូជនៅក្នុង​ប្រទេស កម្ពុជា និង​នៅ​ក្នុង​តំបន់៕

ដោយ ឃុត សៅ