ម៉ាឡេស៊ីបញ្ជូនកាកសំណល់ប្លាស្ទិក ៣.០០០តោនទៅកាន់ប្រទេសដើមវិញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩​  — រដ្ឋមន្រ្តីក្រសួងថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាននិងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ី លោកស្រី Yeo Bee Yin បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនកាកសំណល់ប្លាស្ទិកចំនួន ៣.០០០តោនត្រឡប់ទៅប្រទេសដែលជាប្រភពដើមវិញ។

បន្ទាប់ពីបានពិនិត្យមើលការដឹកជញ្ជូនដោយមានការសង្ស័យនៅកំពង់ផែនៅ Klang ជាយក្រុង Kuala Lumpur កាលពីថ្ងៃទី២៨ ខែឧសភា លោកស្រី Yeo បានកត់សម្គាល់ថា ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនកាកសំណល់សំរាមចំនួន ៦០កុងតឺន័រ ដែលត្រូវបាននាំចូលដោយខុសច្បាប់។នៅក្នុងចំណោមនោះកុងតឺន័រ ចំនួន ១០ ត្រូវបានរំពឹងថា នឹងត្រូវបានដឹកជញ្ជូនទៅវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ដោយការចំណាយទាំងអស់ជាការទទួលខុសត្រូវរបស់អ្នកនាំចូលដែលពាក់ព័ន្ធ។

បណ្តាមន្រ្តីម៉ាឡេស៊ីបានកំណត់យ៉ាងហោចណាស់បណ្តាប្រទេសដែលជាប្រភពដើមចំនួន ១៤ប្រទេសនៃកាកសំណល់នេះ ដែលរួមមានដូចជាសហរដ្ឋអាមេរិក ជប៉ុន បារាំង កាណាដា អូស្រ្តាលី និងអង់គ្លេសជាដើម។ ប្រទេសម៉ាឡេស៊ីបានបញ្ជូនត្រលប់ទៅប្រទេសអេស្ប៉ាញវិញនូវកាកសំណល់ប្លាស្ទិក ចំនួន ៥កុងតឺន័ររួចមកហើយ។

ក្រុមហ៊ុនកែច្នៃដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បាននាំចេញកាកសំណល់ប្លាស្ទិកចំនួន ៥០.០០០តោន ទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ លោកស្រីបាននិយាយបន្ថែមថា ម៉ាឡេស៊ីនឹងស្នើឱ្យរដ្ឋាភិបាលបរទេសទទួលខុសត្រូវក្នុងការស៊ើបអង្កេតលើក្រុមហ៊ុនទាំងនោះ។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការចោទប្រកាន់គួរតែត្រូវបានចែករំលែករវាងអ្នកនាំចេញ និងដៃគូរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកស្រីមិនបានបង្ហាញអំពីចំនួនក្រុមហ៊ុនក្នុងស្រុកដែលជាប់ពាក់ព័ន្ធនោះទេ ដោយវាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រីបានមានប្រសាសន៍ថា អ្នកបំពានទាំងអស់នឹងត្រូវនាំយកទៅកាត់ទោស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)