ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសថៃភាគខាងត្បូង បានសម្លាប់មនុស្ស ៣នាក់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩​  — មានការវាយប្រហារដោយគ្រាប់បែកចំនួនពីរលើកនៅប្រទេសថៃភាគខាងត្បូង ដែលមានប្រជាជនកាន់សាសនាអ៊ិស្លាមរស់នៅច្រើនជាងគេ នឹងបានធ្វើឱ្យមនុស្សចំនួន ៣នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។

កាលពីថ្ងៃទី ២៧ ខែឧសភា ការវាយប្រហារគ្រាប់បែក ដោយម៉ូតូមួយគ្រឿងបានផ្ទុះឡើងនៅក្នុងផ្សារមួយដែលមានមនុស្សជាច្រើន នៅក្នុងស្រុក Nong Chik ខេត្ត Pattani ដែលបានធ្វើឱ្យក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ និងស្ត្រីអាយុ ៣៨ឆ្នាំម្នាក់បានស្លាប់ និងកងកម្លាំង ៤នាក់បានរងរបួស។

ការផ្ទុះនេះហាក់ដូចជាការតបតវិញបន្ទាប់ពីអាជ្ញាធរបានបាញ់សម្លាប់មេដឹកនាំឧទ្ទាមម្នាក់ ដែលបានរត់គេចខ្លួននៅក្នុងខេត្តយ៉ាឡា។ ជនសង្ស័យនោះមានឈ្មោះថា Abdulloh Lateh អាយុ ៣៧ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាមេបញ្ជាការកងកម្លាំងបះបោរនៅក្នុងស្រុកយ៉ាហា។

ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកមួយទៀតនៅក្នុងខេត្តសុងក្លា ដែលបានសម្លាប់មន្រ្តីប៉ូលិសម្នាក់នៅច្រកសន្តិសុខ ហើយបានធ្វើឱ្យមនុស្ស ៣នាក់ផ្សេងទៀតរងរបួស។

មនុស្សប្រមាណជិត ៧.០០០នាក់ ដែលភាគច្រើនជាជនស៊ីវិលបានស្លាប់នៅក្នុងខេត្តចំនួន ៣ នៅប្រទេសថៃភាគខាងត្បូង ដែលរួមមានខេត្តយ៉ាឡា ខេត្តប៉ាតានី និងខេត្តណារ៉ាធីវ៉ាត ចាប់តាំងពីមានអំពើហិង្សាកើតឡើងជាលើកដំបូងកាលពីដើមឆ្នាំ ២០០៤ មក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)