ប្រមុខការទូតកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលឆាប់ៗខាងមុននេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖


ប្រមុខការទូតកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលឆាប់ៗខាងមុននេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាង កម្ពុជា និងចិន។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រត្តិបត្តការអន្ដរ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩។ ប្រភពបានឲ្យដឹងថា ដោយតបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាង កម្ពុជា និងចិន។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសំដែងការគួរសមជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។
សូបបញ្ជាក់ថា ក្នុងដំណើរនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីនឹងជួបទ្វេភាគីជាមួយឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី ដើម្បីពិភាក្សា ស៊ីជម្រៅ ស្តីពីការលើកកំពស់កិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងលើវិស័យផ្សេងៗទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមភាគីចិន លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម៕