មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បើកយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និង ចែកមួកសុវត្ថិភាព

AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩  -មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និង ចែកមួកសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅសួនច្បារមុខសាលាខេត្ត កាលពីថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។

ឯកឧត្ដម ប៉ែន កុសល្យ មានប្រសាសន៍ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​សហកា​រជាមួយអធិការនគរ​បាលគ្រប់ក្រុង ស្រុក បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ជូនមូកសុវត្ថិភាព នៅតាមបណ្ដាស្រុកនានានៅក្នុង​ខេត្ត ដើម្បីធ្វើ​ការណែនាំអប់រំដល់អ្នកជិះម៉ូតូ និងសូមឱ្យបងប្អូនប្រ​ជាពលរដ្ឋទាំង​អស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នានៅពេលបើកបរម៉ូតូលើផ្លូវសាធារណៈចៀសវាងការគ្រោះថ្នាក់ចរាចរណ៍ ។ នៅក្នុង​ប្រតិបត្តិការនេះប្រជាពលរដ្ឋណាដែលមិនពាក់មួកសុវត្ថិភាព មន្ត្រីចុះផ្សព្វផ្សាយត្រូវបំពាក់មួកសុវត្ថិភាព និងផ្ដល់ជូននូវសៀវភៅ ស្ដីពីច្បាប់ចរាចរណ៍ សៀវភៅដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ស្ទីគ័រ និងខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ដល់ពួកគាត់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីការគ្រោះថ្នាក់នៅលើផ្លូវថ្នល់ពេលធ្វើដំណើរ ។

ឯកឧត្ដម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវចេះយល់យោគគ្នា អនុគ្រោះគ្នា និងសូមឱ្យពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលបញ្ជាទោចក្រយានយន្ត គឺដើម្បីការពារអាយុជីវិតខ្លួនឯង ៕

ដោយ ទិត ស្រ៊