មន្រ្តីជាន់ខ្ពស់បក្សកុំម្មុយនីស្តវៀតណាមអបអរសាទរការរីកចម្រើនរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

មន្រ្តីជាន់ខ្ពស់បក្សកុំម្មុយនីស្តវៀតណាមបានអបអរសាទរពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងការដឹកនាំរដ្ឋសភារបស់សម្តេចអគ្គមហាពញាចក្រីហេងសំរិនហើយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីឯកឧត្តមTran Quoc Vuong គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាមបានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជានៅក្នុងជំនួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៅទីស្តីការបក្សកុំម្មុយនីស្តវៀតណាមនាទីក្រុងហាណូយ។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ហើយនៅរសៀលថ្ងៃទី២៨ឧសភានេះគណៈប្រតិភូបានជួបសវនាការជាមួយឯកឧត្តមTran Quoc Vuong

ឯកឧត្តមTran Quoc Vuong បានគូសបញ្ជាក់ថាការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺជាការរីកចម្រើនរបស់ប្រទេសវៀតណាម។ពលរដ្ឋបក្សរដ្ឋវៀតណាមអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជានេះ។ជាមួយគ្នានេះឯកឧត្តមក៏បានរីករាយដែលឃើញរដ្ឋសភាកម្ពុជានិងវៀតណាមមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ឯកឧត្តមបានគូសបញ្ជាក់ថាទំនាក់ទំនងល្អរវាងរដ្ឋសភាប្រទេសទំាងពីរនេះគឺជាផ្នែកសំខាន់ដែលបានទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងវៀតណាម។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រីហេងសំរិនបានចូលរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយបំផុតជាមួយបក្សរដ្ឋនិងប្រជាជនវៀតណាមចំពោះការបាត់បង់អ្នកដឹកនាំមួយរូបដ៏ឆ្នើមរបស់ខ្លួនគឺឯកឧត្តមឡេឌឹកអាញ់អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។សម្តេចបានគូសបញ្ជាក់ថាការបាត់រូបឯកឧត្តមឡេឌឹកអាញ់គឺជាបាត់បង់មិត្តដ៏ជិតស្និទ្ធរបស់កម្ពុជាដែលបានរួមចំណែកដ៏ធំធេងជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពតជួយស្តារកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។សម្តេចបានលើកឡើងថារូបសម្តេចផ្ទាល់ធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយឯកឧត្តមឡេឌឹកអាញ់។សូមបួងសួងដល់វិញ្ញាណក្ខន្ធសពឯកឧត្តមឡេឌឹកអាញ់បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនិងសមិទ្ធផលនានាដែលបក្សរដ្ឋរដ្ឋាភិបាល  និងប្រជាជនវៀតណាមសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើនយ៉ាងឆាប់រហ័ស។សម្តេចប្រធានរដ្ឋសភាមានជំនឿមុតមំាថាក្រោមការដឹកនាំរបស់បក្សកុំម្មុយនីស្តវៀតណាមដែលមានឯកឧត្តមង្វៀនភូជុងជាអគ្គលេខាធិការនិងជាប្រធានរដ្ឋលោកជំទាវង្វៀនធីគឹមងិនប្រធានរដ្ឋសភានិងឯកឧត្តមង្វៀនស៊ួនហ្វុកជានាយករដ្ឋមន្រ្តីប្រជាជនវៀតណាមនិងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតក្នុងការអភិវឌ្ឍប្រទេសវៀតណាមឲ្យក្លាយជាប្រទេសឧស្សាហកម្មជឿនលឿនហើយកិត្យានុភាពរបស់មិត្តវៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕