រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល៧០ថ្ងៃលើកំណាត់ផ្លូវសឡាឬផ្លូវ៥C ដើម្បីស្ថាបនាប្រព័ន្ធលូថ្មីឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទការធ្វើការចរាចរណ៍គ្រប់ភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវ៥Cចាប់ផ្លូវ២៧១ដល់ស្ថានីយ៍ប្រេងឥន្ទនៈតេលាស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌមានជ័យរាជធានីភ្នំពេញរហូតដល់រយៈពេល៧០ថ្ងៃ ដើម្បីស្ថាបនាប្រព័ន្ធលូមេឡើងដោះស្រាយបញ្ហាជន់លិចនារដូវវស្សានេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ខែឧសភាបានអោយដឹងថា ការសម្រេចបិទចរាចរណ៍នៅតំបន់នេះជាបណ្តោះអាសន្ន គឺដើម្បីទុកលទ្ធភាពអោយមន្ត្រីជំនាញស្ថាបនាប្រ័ពន្ធលូថ្មីកាត់ទទឹងផ្លូវលេខ៥c ដែលមានមុខកាត់២ម៉ែត្រកន្លះx ២ម៉ែត្រកន្លះចំនួន ៣ ជួរចេញពីប្រឡាយស្ទឹងមានជ័យដើម្បីរំដោះទឹកចេញពីតំបន់ខាងកើតនិងខាងត្បូងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាពិសេសតំបន់ផ្លូវលេខ ២០០៤ ផ្លូវសឡាផ្លូវណ័រប្រ៊ីត ផ្លូវដួងងៀប ។

សេចក្តីជូនដំណឹងបន្តថា ការស្ថាបនាប្រព័ន្ធលូថ្មីនេះមានសារៈសំខាន់ណាស់ដើម្បីដោះស្រាយបញ្ហាជនលិចទឹកភ្លៀងនៅរដូវវស្សាដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញខណៈដែរពិនិត្យឃើញថាស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមានសភាពចាស់ទ្រុឌទ្រោមនិងមានទំហំតូចដែលធ្វើអោយស្ទះផ្លូវបង្ហូរទឹកនៃប្រឡាយស្ទឹងមានជ័យ។

ប្រភពបន្ថែមថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បញ្ចប់ការដ្ឋានមានរយៈពេល ៧០ ថ្ងៃគឺមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្ត អាស្រ័យហេតុនេះសូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រនេះមេត្តាយោគយល់ដោយពង្វាងចរាចរចេញពីទីតាំងខាងលើ
ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងនេះសម្រេចបានតាមផែនការកំណត់ទទួលបានកំណត់។