អាជ្ញាធរគ្រឿងញៀនបញ្រ្ចៀចំណេះដឹងពីវិធានការទប់ស្កាត់គ្រឿងញៀនដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៅក្នុងខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោកលឹម តុងហួត៖

អាជ្ញាធរគ្រឿងញៀនបញ្រ្ចៀបចំណេះដឹងពីវិធានការទប់ស្កាត់គ្រឿងញៀនដល់សិស្សា នុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តកំពង់ចាម ដើម្បីរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។


ក្នុងពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់រៀបចំឡើង នៅសាលាគរុកោសល្យភូមិភាគកំពង់ចាម នៅថ្ងៃទី២៨ ខែឧសភា លោក លឹ ម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍នេះ មានសារៈសំខាន់ណាស់ដើម្បីក្រើនរំលឹកដល់ពួកគេឲ្យនៅឆ្ងាយពីគ្រឿងញៀន។

លោកបានបញ្ជាក់ថា ភាគីទំាងនេះនឹងកាន់តែបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត តាមរយៈការរាយការណ៍នៅពេលឃើញមានការជួញដូរ ការចរាចរណ៍ ការសេពគ្រឿងញៀននៅក្នុងសហគមន៍។លោកក៏បានបង្ហាញពីស្ថានភាពទូទៅនៃគ្រឿងញៀន ហើយយការងារផ្សព្វផ្សាយអប់រំ ជាការងារអាទិភាពដែល ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់យុវជនប្រជាលរដ្ឋ សម្រាប់បង្ការខ្លួនគាត់ ក្រុមគ្រួសារគាត់ កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។ លោកបន្តថា ការយល់ដឹងពីបញ្ហាគ្រឿងញៀន នឹងធ្វើឲ្យសហគមន៍មានសុវត្ថិភាព ហើយប្រជាពលរដ្ឋប្រកបដោយភាពសប្បាយរីករាយ។
លោក គឹម សាញ់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានមានប្រសាសន៍ ថាក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្សព្វផ្សាយពីបញ្ហាផ្សេងៗ មានបញ្ហាគ្រឿងញៀន ចរាចរណ៍ និងជំងឺអេដស៍ជាប់ជាប្រចំា ព្រោះវាជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់របស់យុវជន ។
លោកបានផ្តាំផ្ញើរដល់អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ស្វែងយល់ ពីបញ្ហាគ្រឿងញៀននេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងចូលរួមឲ្យកាន់តែសកម្មដើម្បីផ្សព្វផ្សាយបន្តទៅមនុស្សជាទីស្រលាញ់កុំឲ្យជួបនូវបញ្ហាអកុសលរងគ្រោះដោយសារគ្រឿងញៀន៕