រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មាន នឹងស្នើឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ឱ្យជួយ​ផ្សព្វផ្សាយពីការងាររបស់ជនពិការ និងបង្កើតកម្មវិធីសម្រាប់ជនពិការ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩  — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងនឹងធ្វើជាលិខិតផ្ញើទៅបណ្តាស្ថានីយវិទ្យុ និង​ទូរទស្សន៍ឯកជន ឱ្យជួយផ្សាយពីការងាររបស់ជនពិការ ឱ្យបានច្រើន ក៏ដូចការបង្កើតជាកម្ម វិធី​សម្រាប់ជនពិការឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ការលើកឡើងនេះ ក្នុងពិធីជួប​សំណេះ​សំណាលជាមួយតំណាងជនពិការភ្នែក និងកាយសម្បទា នៃសមាគមតន្រ្តីសំនៀង ជនពិការចំនួន៣៣នាក់​ ដឹកនាំដោយលោកជំទាវ ញែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្ត្រីសំនៀងជនពិការ កាលពីព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ នាទីស្តីការ ក្រសួងព័ត៌មាន ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជាមានគោលនយោបាយ ក្នុងការទទួលយកជនពិការ សម្រាប់គ្រប់សកម្មភាពសង្គម តាម លទ្ធភាពដែលធ្វើទៅបាន។ ជាមួយគ្នានេះ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន ត្រូវមាន​គោល ការណ៍ នៅពេលជ្រើសរើសមន្ត្រី ឬបុគ្គលិក ឱ្យចូលបម្រើការងារ ត្រូវទុកលទ្ធភាពឱ្យ ជនពិការ ១ភាគរយ ទៅ២ភាគរយ ចូលបំពេញការងារ បើមិនទទួលយកទេ ត្រូវបង់ការពិន័យ ដើម្បីយក ថវិកាទាំងនោះ មកជួយដល់ជនពិការ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា សម្រាប់​ក្រសួង ព័ត៌មាន តែងទទួលយកជនពិការ ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌជារៀងរាល់ឆ្នាំ ឱ្យធ្វើ​ការ​នៅវិទ្យុ និងទូរទស្សន៍។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តល់ជាយោបល់ ដល់សមាគមតន្ត្រីសំនៀងជនពិការដែរថា ដោយ​ជំហានដំបូងគួរតែបង្កើតជា ផេក ទូរទស្សន៍ អនឡាញ ហើយរៀនផលិតជាកម្មវិធី ខ្លីៗ ពី៥ នាទី រហូតដល់៣០ នាទី។ ចំពោះរាល់កម្មវិធី ដែលបងប្អូនជនពិការផលិតបាន អាចដាក់ បញ្ចូលក្នុង App របស់ក្រសួងព័ត៌មាន YouTube, Instagram ជាដើម ដើម្បីទទួលបានការ​គាំទ្រ និងឱ្យតម្លៃខ្ពស់ដល់ជនពិការ ព្រោះជនពិការមានសមត្ថភាពច្រើនខាងផ្នែកព័ត៌​មាន​វិទ្យា។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពី​សម្មភាពការងាររបស់​បេឡាជាតិ របបសន្តិសុខសង្គម(ប.ស.ស) ដែលគោលនយោបាយរបស់​រាជរដ្ឋាភិបាល  មានសារៈសំខាន់ ណាស់ ក្នុងការជួយប្រជាជន ជាកម្មករ កម្មការិនី តាមបណ្តា រោងចក្រ សហគ្រាស មន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ក្នុងការថែទាំ ពិនិត្យព្យាបាលជំងឺ ដោយ ឥតគិតថ្លៃ។ ឯកឧត្ដមក៏បានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ រាល់សម្មភាពការងារ របស់ជន​ពិការ និងរួមចំណែកឱ្យតម្លៃ និងលើកកម្ពស់ជនពិការឱ្យកាន់តែខ្ពស់ទៅមុខបន្ថែមទៀត។

តាមការបញ្ជាក់របស់លោកជំទាវ ញែម មរកត បានឱ្យដឹងថា សមាគមតន្ត្រី​សំនៀង​ជនពិការបង្កើតឡើងនៅឆ្នាំ២០១៣ ដោយយុវជន ចាប តូ ដែលជាជនពិការភ្នែក មើលមិន​ឃើញ ហើយសមាគមនេះ មានគោលបំណងប្រមូលផ្តុំបងប្អូនជនពិការ ឱ្យស្នាក់នៅជា​ក្រុម ដើម្បីជួយបណ្តុះបណ្តាលបង្រៀនជំនាញ ភ្លេង ច្រៀង ម៉ាស្សា អក្សរស្ទាប ជាដើម។ លោក ជំទាវបានបន្ដថា បច្ចុប្បន្ន សមាគម មានសមាជិកចំនួន១៧៣នាក់ ស្រី ៥៣ នាក់ អ្នក​មានប្តី ប្រពន្ធ ២៧ គូរ មានកូន ១៥ នាក់ ។ ជាមួយគ្នានេះ សមាគម មានសមាជិកស្មគ្រ័ចិត្ត ភ្នែកភ្លឺ ជនពិការ គ ថ្លង់ និងកាយសម្បទា ជាង១០នាក់ ដើម្បីជូយដឹកដៃអ្នកងងឹត មើលមិនឃើញ។ សមាគមតន្រ្តី​សំនៀង ជនពិការ បានទទួលអំណោយ ពីសម្តេចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវឧបការណ៍តន្រ្តី ១ ឈុត តម្លៃ ជាង ៣ម៉ឺនដុល្លារអាម៉េរិក ។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានបង្ហាញនូវ បញ្ហាប្រឈម​មូយចំនួនរបស់បងបងប្អូនជនពិការ ដែលនៅតែមានការរើសអើង ពីសំណាក់បងប្អូន​ប្រជា​ពល​រដ្ឋមួយចំនួន ដ៏ដូចជាអាជ្ញាធរដែនដីខ្លះៗ រួមទាំង វិស័យឯកជន មួយចំនួនខ្លះដែរ បើទោះ​បីកិច្ចការងារនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងលើកកម្ពស់ និងឱ្យតំលៃ ដល់ជនពិការយ៉ាងណាក៏ដោយ ក៏នៅមានការមើលពីប្រជាពលរដ្ឋខ្លះៗនៅឡើយ។ លោកក៏ បានស្នើសុំ  ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ដូចជាស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ ​និង ឯកជន ទាំងអស់ជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីសម្មភាពការងាររបស់បងប្អូន ជន​ពិការ ក៏ដូចជាការួមគ្នាលើកកម្ពស់ និងឱ្យតម្លៃដល់ជនពិការ ដូចប្រជាពលរដ្ឋទូទៅ ផងដែរ។ ទន្ទឹមនេះ លោកប្រធានសមាគមស្នើសុំការគាំទ្រ និងការបង្កើតជាស្ថានីយវិទ្យុ១ សម្រាប់ សមាគម​តន្ត្រី សំនៀងជនពិការ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីផ្សេងៗ របស់ជន ពិការ។ លោកបានស្នើដល់ទូរទស្សន៍ ឯកជនទាំងអស់ជួយដាក់បញ្ចូលកម្មវិធីភាសា​កាយវិការ សម្រាប់ឱ្យអ្នក គ អាចមើលដឹងពីខ្លឹមសារនានា ដែលបានផ្សាយក្នុងទូរទស្សន៍ផងដែរ ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនជនពិការនោះដែរ ឯក ឧត្ដម ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកាចំនួន២លានរៀល ដល់សមាគមតន្ត្រីសំនៀងជនពិការ ផងដែរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា