រដ្ឋបាលខេត្តកំពង់ចាមធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

វិទ្យុជាតិកម្ពុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖


សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ចាមបានផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទិ្ធកាន់កាប់អចលនទ្រព្យ ដល់មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។


សិក្ខាសាលាស្ថិតក្រោមក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក កែន សម្បត្តិ អគ្គ នាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពី ប្រធាន អនុប្រធានសាខាពន្ធដារ អភិបាលក្រុង -ស្រុក ទាំង ដប់ ប្រធាន មន្ទីរ ជុំវិញខេត្ត គឺធ្វើឡើង ដើម្បីពង្រឹងនៃការអនុវត្ត នៃការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធិភាព។


លោក ហេង កុសលបុត្រ ប្រធានសាខាពន្ធដារខេត្តកំពង់ចាម បានឲ្យដឹងថាៈ កន្លងមក រាជរដ្ឋាភិបាលបាន សម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្រ្តនិងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមក។លោកបន្តថាដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជានាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាស ស្ដីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៩នេះតទៅ។
បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ នៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រកាសនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹង ភូមិ
សាស្ត្រនានា ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថាៈ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនេះគឺពិតជាមានសារៈសំខាន់ ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើងទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។
ឯកឧត្តកមបានមានប្រសាន៍បន្តថា រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះបានលើកឡើងនូវ វិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែកាន់មានតម្លាភាព។
ឯកឧត្តម គួច ចំរើន បានចាត់ទុកសិក្ខាសាលាដែលរៀបចំនាពេលនេះ គឺជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាពដែលក្រសួងបានកំណត់៕