ខេត្តបាត់ដំបង រៀបចំ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

វិទ្យុជាតិកម្ពុជា ដោយលោក សាន ឈង ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ១២ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៩ នៅមុខបរិវេណសាលាខេត្ត ។


ពិធីនេះបានប្រព្រឹត្តិទៅក្រោមធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួម ពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ឯកឧត្តម ងួន រតនៈ បានសំណូមពរ និងអំពាវនាវ ដល់សមត្ថកិច្ច មន្ត្រីរាជការ រដ្ឋបាលគ្រប់ជាន់ថ្នាក់ អង្គការ ដៃគូរ និងគ្រប់ភាគគីពាក់ព័ន្ធទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ សហការអនុវត្ត ឲ្យ កាន់តែល្អប្រសើរ តាមពាក្សស្លោក “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។


ឯកឧត្ដម បាន គូសបញ្ជាក់ថា ការប្រារព្ធទិវានេះគឺ ជាសារមួយ ដ៏មានសារៈសំខាន់ ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ ដល់មហាជន ប្រជាជន គ្រប់មជ្ឈដ្ឋាន ទាំងអស់បានយល់ដឹង នឹងចូលរួមអនុវត្តន៍ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានល្អប្រសើរ ជៀសវាងនូវការគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើង ដោយយកថាហេតុ កាត់បន្ថយបាននូវការចំណាយ ថវិកា ការខូចខាតទ្រព្យសម្បត្តិ សម្ភារៈ និងបានរួមចំណែក ធ្វើឲ្យមានសណ្តាប់ធ្នាប់តាមដងផ្លូវ និងមានរបៀបរៀបរយល្អ។


នៅក្នុងពិធីនេះក៏មានចែក មួកសុវត្ថិភាពជូនដល់សិស្សានុសិស្សនិងអង្គភាពមួយចំនួនផងដែរ៕