រាជរដ្ឋាភិបាលជំរុញឲ្យភាគីពាក់ព័ន្ធបង្កើនកិច្ចគាំពារដល់កុមារ

វិទ្យុជាតិកម្ពុជាដោយ ៖ លោកអ៊ឹម ភិរក្សនារីរតន: ៖


រាជរដ្ឋាភិបាល ជំរុញឲ្យភាគីពាក់ព័ន្ធបង្កើនកិច្ចគាំពារដល់កុមារ ដើម្បីធានាឲ្យកុមារបាន រួចផុតពីការរំលោភបំពាន អំពើហិង្សានិងការកេងប្រវ័ញ្ចផ្សេងៗ ។


ថ្លែងក្នុងកិច្ចប្រជុំដៃគូគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធទំាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមទំាងអង្គការក្រៅរដ្ឋាភិបាលត្រូវបង្កើតយន្តការថ្មីៗបន្តទៀត ដើម្បីធានាថាគ្មានកុមារណាម្នាក់ដែលរងគ្រោះដោយ ការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មធ្ងន់ធ្ងរ និងការជួញដូរគ្រប់រូបភាពជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកុមារកម្ពុជាទទួលបានកិច្ចគាំពារគ្រប់បែបយ៉ាងរួមទំាងការថែទាំ ការជួយទំនុកបំរុងពីគ្រួសារ និងសង្គម ដោយសារតែកុមារងាយឆាប់ទទួលរងគ្រោះរាងកាយ និង ស្មារតី។
ឯកឧត្តមបន្តថា គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារបានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្តោតអាទិភាពលើកិច្ចការមួយចំនួនរួមមានការយកចិត្តទុកដាក់ជាប់ជាប្រចាំដល់កុមារ ដែលមានពិការភាព ការផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព ការអប់រំ ការទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង ទប់ស្កាត់អំពើជួញដូរ ឬ ការរំលោភបំពាននានា ។
សូមបញ្ចាក់ថា គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង នេះកំពុងត្រូវបានអនុវត្តន៍នៅរាជធានី ខេត្តចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង កណ្តាល សៀមរាប និងខេត្តព្រះសីហនុ៕