សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ ៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រុមវិនិយោគរបស់ប្រទេសកម្ពុជា សរុបប្រមាណ ៤៦រូប កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង ១៤និង១០នាទី ម៉ោងនៅ​រាជធានីភ្នំពេញ ប្រទេ សកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រ ទេសជប៉ុន ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលនឹងប្រារព្វធ្វើឡើងពីថ្ងៃទី២៩ ដល់​ថ្ងៃ​ទី​៣១ឧសភា។


វត្តមាននៃការអញ្ជើញដល់របស់សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច​ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីលោកជំទាវអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តម​ប្រធានពិធីការក្រសួងការ​បរទេសជប៉ុន ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថ ភាព របស់ព្រះ​រា​ជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំប្រទេស​ជប៉ុន ជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​ថ្លែងសុន្ទរក​ថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគត​អាស៊ី លើមូលបទ ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី ការជម្នះភាពវឹកវរ  ព្រមទាំងការចែក រំលែកទស្សនះវិស័យលើបរិបទ សាកល លោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះ​ទៅមុខ និងការប្តេជ្ញាចិត្តរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និង​វិបុលភាពរួម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងក្នុងពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែល​សហការ​រៀប​ចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅ ប្រទេស ជប៉ុន (JETRO) និង​ធនាគារមីហ្សុហូ (Mizuho)។  ជាមួយគ្នានេះ ក្រៅពីការអញ្ជើញចូលរួម​ក្នុង​ សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី និងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា​សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញជំនួបពិភាក្សាទ្វេភាគី និងពិសារអាហារការងារ​ថ្ងៃត្រង់​ជាមួយ ឯកឧត្តម ហ្សិនសូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងជួបពិភាក្សាការងារជាមួយបណ្តា​ឥស្សរជនជាន់ខ្ពស់ និង​ក្រុមហ៊ុនវិនិ​យោគធំៗ ចំនួន៩ របស់ប្រទេសជប៉ុន ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ និងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ឲ្យកាន់ តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត៕