ក្រសួងព័ត៌មានកម្ពុជាបានអញ្ចើញរដ្ឋមន្រ្តីព័ត៌មានពីតំបន់អាស៊ីជាច្រើនដើម្បីពិភាក្សាគ្នាប្រយុទ្ធប្រឆំាងនឹងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រសួងព័ត៌មានកម្ពុជាបានអញ្ចើញរដ្ឋមន្រ្តីព័ត៌មានអាស៊ីមួយចំនួន មកកាន់ប្រទេស កម្ពុជាក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថាAMSលើកទី១៦ ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងព័ត៌មាន ក្លែងក្លាយ។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះរដ្ឋមន្រ្តីព័ត៌មានមកពីតំបន់អាស៊ីដែលបានឆ្លើយតបតាមការអញ្ជើញរបស់កម្ពុជានោះមានចំនួន៦រូបហើយដូចជា រដ្ឋមន្រ្តីព័ត៌មានមកពីប្រទេសសាម៉ាន់ កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ឡាវ អេរ៉ង់ និងប្រទេសហ្វីលីពីនហើយ ចំនួននេះនៅ មានកំណើនបន្តទៀតខណៈដែលថ្ងៃផុតកំណត់នៃការចុះបញ្ជីឈ្មោះនោះរហូតដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩។
ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថាAMSលើកទី១៦ឆ្នាំ២០១៩បានឲ្យដឹងថា ក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ីAMSលើកទី១៦ខាងមុខនេះ បណ្តារដ្ឋមន្រ្តីព័ត៌មានទំាងអស់នឹងលើកជាយន្តការនានាដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតដែលបង្កឡើងដោយពួកក្រុមទុច្ចរិត។
ឯកឧត្តមបានបញ្ជាក់ថា ការប្រយុទ្ធប្រឆំាងព័ត៌មានមិនពិតនេះមានសារៈសំខាន់ណាស់ ដើម្បី ទប់ស្កាត់បញ្ហាអសន្តិសុខនិងភាពវឹកវរក្នុងសង្គមបានទាន់ពេលវេលា ខណៈដែលព័ត៌មានក្លែងក្លាយកំពុងកើត ឡើងច្រើន។
ឯកឧត្តមបន្តថា យោងតាមរបៀបវារៈក្នុង សន្និសីទកំពូលសារព័ត៌មានអាស៊ីAMSលើកទី១៦ឆ្នាំដែល ប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះមានសិក្ខាសាលាចំនួន៥និងសន្និសីទពេញអង្គដោយមានប្រធានបទចំនួន៨ទាក់ទិននឹងបញ្ហា បច្ចេកវិទ្យា នឹងការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយ ហើយក្រោយពេលបញ្ចប់សន្និសីទនេះភាគី ទំាងអស់គ្រោងចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជាយុទ្ធសាស្រ្តរួមគ្នាប្រយុទ្ធប្រឆំាងបញ្ហានេះ ឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ហាស់ សំអាតបានបន្តទៀតថា មកដល់ពេលនេះក៏មានអ្នកសារព័ត៌មានអន្តរជាតិ ដែលបានចុះឈ្មោះមានចំនួនជាង២០០នាក់ហើយដែរក្នុងនោះមកពី៤០ប្រទេសហើយចំនួននេះ នឹងមានការកើនឡើងបន្តទៀត។
សម្លេង«កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ដើម្បីប្រមូលផ្តុំនូវធនធានមនុស្សដែលជាអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងអ្នកធ្វើសេចក្តីសម្រេចចិត្តដើម្បីជួបជុំគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងប្រព័ន្ធផ្សព្វផ្សាយដែលបានកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគឺការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយ ដែលកំពុងកើតមានច្រើនបង្កភាពហ្វឹកវរក្នុងសង្គម»។
សូមបញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ អមជាមួយកិច្ចប្រជុំពាក់ព័ន្ធនេះ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕