ក្រសួងសង្គមកិច្ច បង្កើតក្រុមការងារអន្តរស្ថាប័នដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អះអាងថា បានបង្កើតក្រុមការងារអន្តរស្ថាប័ន ដើម្បីឈានទៅលុបបំបាត់អំពើហិង្សាលើកុមារគ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២១។


ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្រុមការងារអន្តរស្ថាប័នដោយមានការចូលរួមពីអង្គការដៃគូ ដែលទើបបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៩នេះ នឹងធានាការដោះស្រាយ និងចាត់វិធានការទប់ស្កាត់អំពើហិង្សាលើកុមារ តាមរយៈធ្វើសកម្មភាពសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ការទប់ស្កាត់បឋម ផ្តល់សេវាឆ្លើយតបជាពហុវិស័យចំពោះកិច្ចការពារកុមារ បង្កើតនិងធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយសម្រាប់លើកកម្ពស់សិទ្ធិកុមារ និងការពិនិត្យនិងតាមដានវាយតម្លៃអំពីវឌ្ឍនភាពនៃអំពើហិង្សាលើកុមារ។


ថ្លែងក្នុងសន្និសីទស្តីពីកុមារ និងយុវជន ដែលផ្តោតលើប្រធានបទ«បញ្ចប់អំពើហិង្សាលើកុមារ នៅកម្ពុជា» ក្រោមការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងកុមារ និងយុវជន មកពីបណ្តាខេត្តចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈការចុះផ្សព្វផ្សាយអប់រំតាមវេទិកានានា ការបង្កើតនៅគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា សំដៅសម្រេចផែនការសកម្មភាពស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ២០១៧-២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសហប្រជាជាតិ។ ឯកឧត្តម មានប្រសាសន៍ថា ការដែលកុមារនៅតែប្រឈមនឹងបញ្ហាអំពើហិង្សា ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតែមានកម្រិត ដោយមិនថា តែនៅក្នុងក្រុមគ្រួសារដែលក្រមាន និងចំណេះដឹងទាបទេ ប៉ុន្តែសម្រាប់គ្រួសារអ្នកមានទាំងទ្រព្យសម្បត្តិ និងចំណេះដឹងខ្ពស់ ក៏កើតមានអំពើហិង្សាដែរ។
លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ព័ន្ធកុមារកម្ពុជា បានលើកថា ការលុបបំបាត់អំពើហិង្សាលើកុមារនៅកម្ពុជាមានការលំបាក ដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋគិតថាវាគឺជារឿងសាមញ្ញ និងមិនបានចូលរួមសហការក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ សហគមន៍ និងសង្គម។
ដូចគ្នានេះ លោកស្រី ជា លីដា ប្រធានយុទ្ធនាការគំរូអហិង្សានៃអង្គការទស្សនៈពិភពលោក លើកឡើងថា ឪពុក ម្តាយ និងអ្នកថែទាំសមាជិកគ្រួសារ គឺជាជនប្រព្រឹត្តហិង្សាលើកុមារជាញឹកញាប់ជាងគេ ខណៈនៅតាមសាលារៀនក៏មានការប្រើអំពើហិង្សាលើរាងកាយកុមារពីគ្រូបង្រៀន។
សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើការអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារ ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក និងអង្គការយូនីសេហ្វ កាលពីឆ្នាំ២០១៣។
ការអង្កេតសិក្សាស្រាវជ្រាវនេះ បានកំណត់ពីទំហំ វិសាលភាព ការផ្តល់ភស្តុតាងជាក់លាក់នៃអំពើ ហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារបានជួបប្រទះ និងកំពុងប្រឈម ដើម្បីឈានទៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារឲ្យបានជោគជ័យនៅត្រឹមឆ្នាំ២០២១។
យោងតាមការសិក្សាមុនគម្រោងឆ្នាំ២០១៨ របស់អង្គការទស្សនពិភពលោក បានរកឃើញថា ប្រហែល៤៩,៣ភាគរយ ឬស្មើជិតពាក់កណ្តាលនៃកុមារី និងកុមារា មានអាយុ១២ ដល់ ១៨ ឆ្នាំ បានរងគ្រោះដោយអំពើហិង្សាលើរាយកាយ៕