លោក ពូទីន នឹងធ្វើកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ចឌីជីថលជាមួយនឹងសហការីរបស់ EAEU នាថ្ងៃទី២៩ ខែឧសភា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ — សេវាព័ត៌មានវិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច Eurasian ​នៅ Nur-Sultan នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។

កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើគោលការណ៍ណែនាំសំខាន់ៗសម្រាប់យុទ្ធសាស្ត្រ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់រដ្ឋជាសមាជិក សម្រាប់ឆ្នាំ ២០១៩-២០២០ ដែលជាឯកសារដ៏ធំទូលាយ​មួយស្តីពីការធ្វើសេរីភាវូបនីយកម្មទីផ្សារនៃទំនិញ និងសេវាកម្ម និងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល។

សេចក្តីថ្លែងការណ៍បាននិយាយថា សមាជិកនៃឧត្តមក្រុមប្រឹក្សានឹងសរុបលទ្ធផលនៃ​ការងាររបស់ EAEU ក្នុងរយៈពេល ៥ឆ្នាំ និងរៀបចំភារកិច្ចពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុង​វិស័យ​ផ្សេងៗទៀតមានដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ហិរញ្ញវត្ថុ និងនយោបាយ​សង្គម។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមនៃប្រមុខរដ្ឋសមាជិករបស់ EAEU ត្រូវបាន​គេរៀបចំសម្រាប់ការចុះហត្ថលេខា។

គោលការណ៍ណែនាំសំខាន់ៗសម្រាប់យុទ្ធសាស្ត្រម៉ាក្រូសេដ្ឋកិច្ច របស់រដ្ឋជាសមាជិក​សម្រាប់ឆ្នាំ២០១៩-២០២០ និងឯកសារជាច្រើនទៀតស្តីពីសេរីភាវូបនីយកម្មទីផ្សារ​នៃទំនិញ​ និងសេវាកម្មស្តីពីកិច្ចសហ-ប្រតិបត្តិការ នៅក្នុងសេដ្ឋកិច្ចឌីជីថលក៏នឹងត្រូវបានគេអនុម័ត។ លើសពីនេះទៀត វាត្រូវបានគ្រោងទុកដើម្បីពិចារណាលើបញ្ហានៃសកម្មភាពអន្ដរជាតិរបស់ EAEUផងដែរ ។

វិមានក្រឹមឡាំងបានកត់សម្គាល់ថា ប្រមុខនៃរដ្ឋជាសមាជិករបស់ EAEU (អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី) នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រធានាធិបតីម៉ុលដាវីលោក Igor Dodon និងប្រធានាធិបតីប្រទេសតាហ្ស៊ីគីស្ថានលោក Emomali Rahmon ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ ដែលធ្វើជាប្រមុខនៃ​អ្នកសង្កេតការណ៍ EAEU និងជាភ្ញៀវកិត្តិយសរៀងៗខ្លួន៕

( ប្រភព TASS:  បកប្រែដោយលោក មាស សំអុល  )