ប្រព័ន្ធឃោសនាកូរ៉េខាងជើងព្រមានកូរ៉េខាងត្បូង អំពីការទិញសព្វាវុធ ដែលបានគ្រោងទុក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ — នៅថ្ងៃអង្គារនេះ ប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង បានរិះគន់ទៅលើយោធាកូរ៉េខាង​ត្បូង​ជុំវិញ​ផែនការរបស់ខ្លួនក្នុងការទិញមីស៊ីលពីសហរដ្ឋអាមេរិក​ដែលបានប្រកាសថា ការ​ផ្លាស់​ប្តូរនេះគឺជា «ការប្រឈមមុខទាំងស្រុង» ចំពោះកិច្ចព្រមព្រៀងអន្តរកូរ៉េ ក្នុងការកាត់​បន្ថយ​ភាពតានតឹងផ្នែកយោធា។

កាលពីដើមខែនេះ ក្រសួងការបរទេសអាម៉េរិកបានផ្តល់ភ្លើងខៀវដល់ការលក់មីស៊ីល SM-2 Block IIIB បាញ់ពីនាវាទៅអាកាស និងសម្ភារៈពាក់ព័ន្ធដែលមានតម្លៃ ៣១៣,៩ លានដុល្លារអាម៉េរិកទៅឱ្យប្រទេសកូរ៉េខាងត្បូង ហើយបានស្នើសុំការយល់ព្រមពីសភា​សម្រាប់​​​ផែនការលក់នេះ។

Uriminzokkiri ដែលជាគេហទំព័រឃោសនារបស់កូរ៉េខាងជើងបាននិយាយថា ទង្វើនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ។ Uriminzokkiri បាននិយាយនៅក្នុងអត្ថាធិប្បាយថា មិនមានការបញ្ចប់ទេប្រសិនបើ​យើងចង់រាយបញ្ជីទង្វើមិនស្មោះត្រង់ទាំងអស់ ដែលបានធ្វើឡើងដោយយោធាកូរ៉េខាងត្បូង​ដោយបានបំផ្លាញនូវអារម្មណ៍សន្តិភាពលើឧបទ្វីប និងបង្កើនភាពតានតឹង។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរិះគន់យោធាកូរ៉េខាងត្បូង ស្ទើរតែរាល់ថ្ងៃខណៈកំពុងអំពាវនាវឱ្យមានការបាញ់មីស៊ីលរយៈខ្លីរបស់ខ្លួន ចូលទៅក្នុងសមុទ្រខាងកើត ធ្វើ​ជាផ្នែកនៃសមយុទ្ធយោធាធម្មតា។

កាលពីថ្ងៃចន្ទ កូរ៉េខាងជើងក៏បានរិះគន់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក John Bolton ថា ជាមនុស្សដ៏គ្រោះថ្នាក់មួយ  ចំពោះការបរិហារពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង​ថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះ៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល  )