រដ្ឋមន្រ្តីការពារជាតិវៀតណាម និងចិនជួបពិភាក្សាគ្នានៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៧ ខែឧសភា ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសវៀតណាម និងចិនបាននិយាយនៅក្នុងកិច្ចប្រជុំពិភាក្សារបស់ពួកគេនៅទីក្រុងហាណូយថា វៀតណាម និងចិនបានកត់សម្គាល់នូវវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួន ដែលសមនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជាលេខាធិការរងនៃគណៈកម្មការយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា។

នៅក្នុងព្រឹត្តិការណ៍នេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចការនានានៅពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសនីមួយៗ និងវិស័យការពារជាតិ ជាពិសេសការអនុវត្តពិធីសារឆ្នាំ ២០០៣ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងសេចក្តីថ្លែងការណ៍រួមគ្នាឆ្នាំ ២០១៧ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរហូតដល់ឆ្នាំ ២០២៥ ។

រដ្ឋមន្រ្តីទាំងពីរបានចែករំលែកទស្សនៈនូវវឌ្ឍនភាពថ្មីៗក្នុងវិស័យការពារជាតិ ដែលបង្ហាញអំពីការជឿទុកចិត្តខ្ពស់ផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរបានកត់សម្គាល់ថា កិច្ចប្រជុំជាន់ខ្ពស់ និងដំណើរទស្សនកិច្ចទៅវិញទៅមកនានារបស់ថ្នាក់ដឹកនាំយោធាទាំងពីរត្រូវបានជំរុញ។ ទន្ទឹមនឹងនេះដែរ យន្តការកិច្ចសហប្រតិបត្តិការមួយចំនួនត្រូវបានបង្កើតឡើង និងត្រូវបានពង្រីក រួមទាំងកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ ការផ្លាស់ប្តូររបស់មន្រ្តីយុវជន ការល្បាតរួមគ្នានៅឈូងសមុទ្រ Tonkin ការផ្លាស់ប្តូរមិត្តភាពការពារព្រំដែន និងសកម្មភាពសហប្រតិបត្តិការរវាងតំបន់យោធាព្រំដែន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)