គណបក្សប៉ាឡាង ប្រាចារ៉ាត អញ្ជើញគណបក្សភូមិជៃថៃ និងគណបក្សប្រជាធិបតេយ្យឱ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះថៃ

AKP ភ្នំពេញ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៩ — គណៈបក្សប៉ាឡាង ប្រាចារ៉ាត ( អំណាចរដ្ឋរបស់ប្រជាជន​) កាលពីថ្ងៃចន្ទនេះបានអញ្ជើញគណបក្សភូមិជៃថៃ ( មោទនភាពប្រជាជនថៃ ) និងគណបក្សប្រជាធិបតេយ្យឱ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះមួយដោយមាននាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់ – អូចា ( Prayut Chan O Cha  ) ធ្វើជាប្រមុខរបស់ខ្លួន ។

មេដឹកនាំគណបក្ស ប៉ាឡាង ប្រាចារ៉ាត លោក អ៊ុត្តាម៉ា សាវ៉ាណាយ៉ាណា ( Uttama Savanayana )   និងអគ្គលេខាធិការលោក សុនទីរ៉ាត សុនទីជីរ៉ាវ៉ុង (​Sontirat Sontijirawong  ) បានធ្វើទស្សនកិច្ចទីស្នាក់ការ គណបក្សភូមិជៃថៃ ដើម្បីធ្វើការអញ្ជើញឱ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះនេះ ដែលនឹងត្រូវគេបង្កើតឡើងដោយមានគណបក្ស ប៉ាឡាង ប្រាចារ៉ាត ធ្វើជាស្នូលរបស់ខ្លួននឹង លោក ប្រាយុទ្ធ ធ្វើជាប្រមុខរដ្ឋភិបាលមួយដែលជាប់ឆ្នោត​ ។

សេចក្តីថ្លែងការណ៍ព័ត៌មានមួយពីគណបក្សភូមិជៃថៃ បាននិយាយថា គណបក្សនេះបានទទួលយកការអញ្ជើញនេះ ប៉ុន្តែមេដឹកនាំរបស់ខ្លួនលោក អានូទីន ចានវីរ៉ាគុល ( Anutin Charnvirakul ) បាននិយាយថា គណបក្សភូមិជៃថៃ និង គណបក្ស ប៉ាឡាង ប្រាចារ៉ាត មិនទាន់បានធ្វើកិច្ចចរចា ស្តីពីបញ្ហានយោបាយដែលទាក់ទងដល់ស្ថានការណ៍រស់នៅរបស់ប្រជាជននៅឡើយទេ ។

មេដឹកនាំគណបក្ស ប៉ាឡាង ប្រាចារ៉ាត បានធ្វើអត្ថាធិប្យាយថា នយោបាយដែលបានបើកធ្វើដោយ គណបក្សប្រជាធិបតេយ្យ និង គណបក្សរបស់លោក គេរកឃើញថា ដើរទៅក្នុងទិសដៅដូចគ្នា។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យ លោក ចាឡឺមចៃ ស្រ៊ី-  អុន ( Chalermchai Sri-on  ) បាន និយាយថា ការសម្រេចលើការអញ្ជើញឱ្យចូលរួមក្នុងរដ្ឋាភិបាលដែលដឹកនាំដោយលោក ប្រាយុទ្ធ នឹងត្រូវធ្វើភ្លាមៗ ដោយគណៈកម្មការប្រតិបត្តិនិងសមាជិកសភារបស់គណបក្សលោក ។ លោកបាននិយាយថា គណបក្សទាំងពីរនឹងធ្វើកិច្ចចរចាម្តងទៀតឱ្យបានឆាប់បំផុត ។

រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សប៉ាឡាង ប្រាចារ៉ាត  អាចមានគណបក្សដល់ទៅ២០ ដែលគណបក្ស ១២ នៃគណបក្សទាំងនោះមួយៗ មានសមាជិកសភាតែម្នាក់ប៉ុណ្ណោះដោយឡែកគណបក្ស ប៉ាឡាង ប្រាចារ៉ាត មានសមាជិកសភា ១១៥ រូប​, គណបក្សប្រជាធិបតេយ្យមាន ៥២រូប និង គណបក្សភូមិជៃថៃ មាន ៥១ រូប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )