អគ្គស្នងការនគរបាលជាតិជំរុញឱ្យមានការរាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការ​ណែនាំឱ្យមានការរាយការណ៍ព័ត៌មានអំពីសភាពការណ៍នៅតាមព្រំដែនរវាង​កម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីងាយតាមដាន និងធ្វើការវាយតម្លៃលើសភាពការណ៍ព្រំដែនឱ្យ​បាន ជាប់ជាប្រចាំផងដែរ។ ការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន នេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំការងារព្រំដែននគរបាលជាតិ ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិច្រើនរូបទៀតដែលជាប់​ពាក់ព័ន្ធ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងនូវបញ្ហា​ចំនួនបីចំណុចរួមមាន កត្តារចនាសម្ព័ន្ធនៃការដឹកនាំ និងគ្រប់គ្រងកម្លាំងនគរបាលការពារ​ព្រំដែន, យន្តការថ្នាក់ជាតិដែលគ្រប់គ្រងលើកិច្ចការព្រំដែន និងទិសដៅឆ្នាំ២០១៩ របស់អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ ដែលត្រូវជួយឧបត្ថម្ភលើកម្លាំងនគរបាលការពារព្រំដែន។ ឯកឧត្តម នាយឧត្ដមសេនីយ៍បានបន្ដថា សម្រាប់អគ្គស្នងការនគរបាលជាតិ ការជួយ​ឧបត្ថម្ភ​លើកម្លាំងនគរបាលការពារព្រំដែន ដោយគាំទ្រលើសំណើបន្ថែម និងបំពេញកម្លាំង, ការហ្វឹក​ហាត់កម្លាំងឆ្នាំ២០១៩ និងជំរុញការឧបត្ថម្ភនូវសម្ភាររដ្ឋ និងឯកជនផងដែរ៕

ដោយ ចាន់ សុធីវង្ស