កិច្ចពិភាក្សាអំពី​នីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត​ និង​បង់ពន្ធ​ប្រថាប់ត្រា​

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា ​កាលពី​ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានជួបពិភាក្សាគ្នាអំពី “នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា” ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមួយចំនួនផងដែរ។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើង​ក្នុង​គោល​បំណង​ដើម្បីពិនិត្យ និង​ពិភាក្សាទៅលើលំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។

ជាមួយគ្នានេះដែរ​ អង្គប្រជុំបានសម្រេចឯកភាពលើការធ្វើនីតិវិធីរួមផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និងចំណេញពេលវេលា។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា លំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះ នឹងដំណើរការទៅបានយ៉ាងរលូន នឹងជួយចូលរួមទៅដល់ការពង្រឹងនូវគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋឱ្យបានកាន់តែមានភាពល្អប្រសើរឡើង៕ ដោយ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​