សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកជៀង យ៉ារ៉េត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនកិច្ចនិង ចូលរួមសន្និសីទអន្តរជាតិស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅប្រទេសជប៉ុន ។
តាមប្រសាសន៍របស់ឯកឧត្តមស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថា ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។
នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទរបស់សន្និសីទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និង ការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។
ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា ស្តីពី ការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣៕